2023-07-28 12:07
243

ស្ទឹងត្រែង៖ តំបន់អភិរក្សសត្វផ្សោត ចំនួន ០៣កន្លែងដែលមានផ្សោតរសនៅប្រមាណចាប់ពី ២៥ទៅ៣០ក្បាល ក្នុងអន្លុងត្បូងខ្លា ,អន្លុងកោះកូនសត្វ, អន្លុងកោះសន្ទក់ ត្រូវបានអ្នកនេសាទខិលខូចមួយចំនួននៅតែលបលួចនេសាទខុសច្បាប់ធ្វើឲ្យការមានហានិភ័យការអភិរក្សសត្វផ្សោតយ៉ាងខ្លាំង។

 លោក ផែង ប៊ឿន ប្រធានសហគមន៍នេសាទឃុំកោះព្រះ ស្រុកសៀមបូក បានបញ្ជាក់ថា នៅតំបន់អភិរក្សទាំង ៣ខាងលើនេះ ជនសង្ស័យចេះតែលបលួចចូលធ្វើនេសាទនៅពេលយប់ព្រោះកម្លាំងសហគមន៍មានលទ្ធភាពធ្វើសកម្មភាពល្បាតបានតែពេលថ្ងៃប៉ុណ្នោះ។ លោកបន្តទៀតថា ការឆកល្វែងនេះធ្វើឲ្យក្រុមជនសង្ស័យបានលួចលាក់ទៅដាក់មងចងសន្ទូចបង្កផលប៉ះពាល់ទៅលើធនធានមច្ឆជាតិ ដែលគម្រោងអច្ឆរិយទន្លេមេគង្គលើកំពុងយកចិត្តទុកដាក់អភិរក្សធនធានជីវចម្រុះដែលមាននៅតំបន់ទាំងនេះ។

 ប្រធានសហគមន៍អន្លង់ផ្សោត បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមបច្ចេកទេសបានកំពុងតាមដានត្រីបបែលយក្ស ចំនួន ៣ក្បាលតាមប្រព័ន្ធ GPS ដែលមានទម្ងន់ចាប់ពី ១៨៣គីឡូក្រាមរហូតទៅដល់ជាង ៣០០គីឡូក្រាម រស់តំបន់ទាំងនោះ និងឃើញវាបានធ្វើចរាចរណ៍ចល័តក្នុងរង្វង់ប្រមាណ ១៥គីឡូម៉ែត្រទៅមកនៅតាមដងទន្លេតែប៉ុណ្ណោះ។

 លោកស្រី សំ វិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា តំបន់អភិរក្សចាប់ពីស្ពានមេគង្គទៅដល់ព្រំប្រទល់ខេត្តក្រចេះ មានចំណុចខ្លះជាតំបន់ស្នួល និងខ្លះជាតំបន់រណបតម្រូវឱ្យប្រជាសហគមន៍ និងប្រជាអ្នកនេសាទរួមគ្នាអភិរក្សធនធានមច្ចាជាតិ, សត្វផ្សោតផង និងត្រីបបែលយក្សតែម្តង។      

 លោកនាយខណ្ឌបានបន្តទៀតថា ធនធានទាំងនេះ គឺជាសម្បត្តិធម្មជាតិរបស់ពួកគាត់នៅមូលដ្ឋាននោះផ្ទាល់  ដូចនេះសហគមន៍ និងប្រជាអ្នកនេសាទទាំងអស់ត្រូវរួមគ្នាថែរក្សា ដើម្បីឲ្យវាបានបន្តពូជទៅថ្ងៃមុខទៀត ព្រោះនៅពេលខាងមុខអង្គការដៃគូសហការជាមួយមន្ទីរជំនាញ និងរៀបចំជាតំបន់រមណីយដ្ឋាអេកូទេសចរណ៍ សម្រាប់ឱ្យភ្ញៀវមកកំសាន្តលេង និងបានមើលសត្វផ្សោត។

 លោក សន ណារិន ប្រជាពលរដ្ឋរស់នៅភូមិ ឃុំអូរម្រះ បានគាំទ្រចំណុចផ្តួចផ្តើមនេះ ព្រោះសត្វផ្សោតមេគង្គ ជាសម្បត្តិកម្របំផុតនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៣នេះ សង្កេតឃើញភ្ញៀវទេចរណ៍មកមើលផ្សោតនៅតំបន់អភិរក្សផ្សោតក្នុងស្រុកសៀមបូកជាហូរហែរ។

 សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង បច្ចុប្បន្ននៅអន្លុងផ្សោត កោះព្រះ, កោះកាំងកូនសត្វ, កោះសន្ទក់ និងមានសត្វផ្សោតរស់ប្រមាណចាប់ពី ២៥ទៅ៣០ក្បាល ដែលភ្ញៀវទេសចរប៉ងចង់ឃើញសត្វដ៏កម្រនេះ៕