2023-10-27 12:10
311

(ភ្នំពេញ)៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃទី២៦ តុលា ២០២៣ នេះ  ដោយសូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដែលបានបង្ហោះចែកចាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានសរសេរមានខ្លឹមសារថា៖ «ក្រសួងសុខាភិបាលបានសម្រេចបិទ និងលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឱ្យអស់មុនឆ្នាំ២០២៥»។

ការចុះផ្សាយព័ត៌មានបំភ្លៃនេះបានធ្វើឱ្យសាធារណជនយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជនមេត្តាកុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់និងឆាប់បំផុត៕