2024-03-14 02:03
45

ខេត្តស្ទឹងត្រែង៖ លំនៅឋានមួយកន្លែងត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលចុះធ្វើការឆែកឆេររកឃើញសំណាកសត្វព្រៃជាច្រើនប្រភេទ។

ការចុះបង្ក្រាបនិងឆែកឆេរលំនៅឋាននោះកម្លាំងក្រុមអន្តរាគមន៍បានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីម្ចាស់លំនៅឋានរូបនោះបានឡាយបង្ហោះលក់សំណាកសត្វព្រៃនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក។

កម្លាំងសហការមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងនិងកម្លាំងកងរាជអាវុធហត្ថលើកផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងផងដែរនៅចំណុចភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ចបានឧ្យដឹងថា ការចុះឆែកឆេរលំនៅឋានខាងលើគឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅឋានរូបនោះឡាយបង្ហោះលក់សំណាកសត្វព្រៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ក្រោយការតាមដានអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលដោយរួមសហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់ខេត្តរួមនឹងកម្លាំងកងរាជអាវុធហត្ថចុះដល់ទីតាំងនិងឆែកឆេររកឃើញសំណាកសត្វព្រៃជាច្រើន។

ប្រភពដដែលបន្តថា  បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះដល់លំនៅឋានខាងលើបានប្រាបម្ចាស់លំនៅឋានឈ្មោះ អូន រស្មីភេទប្រុស អាយុ៣៦ឆ្នាំ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាដើម្បីធ្វើការឆែកឆេររុករកវត្ថុតាងបទល្មើសសត្វព្រៃ។

កម្លាំងបានឲ្យម្ចាស់លំនៅឋានខាងលើជូនធ្វើការឆែកឆេរគ្រប់ទីកន្លែងក្នុងនិងក្រៅបរិវេណលំនៅឋានហើយបានប្រទះឃើញនិងដកហូតបណ្ដោះអាសន្ននូវសត្វព្រៃនិងសំណាកសត្វជាច្រើនរួមមាន៖ ១.កន្ទុយក្ងោក០១កន្ទុយ, ២.ក្រពះប្រម៉ាក្រៀម ០៥ ក្រពះ, ៣ .ស្នែងឈ្លូសជាប់ឆ្អឹងក្បាល ១០ ស្នែង, ៤.ស្នែងប្រើស ០៦ ដុំ , ៥.ចង្គូមជ្រូកព្រៃ ៣៦ ចង្កូម (ចែ), ៦.ក្រចកខ្លាឃ្មុំ ០៤ ក្រចក, ៧ .ធ្មេញជ្រូកព្រៃ ៣៨ ឆ្មេញ, ៨.ស្វាក្រេសញី០២ក្បាល  ។

ម្ចាស់លំនៅឋានក្រោយពីការទទួលពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមក ព្រះរាជអាជ្ញាក៏សម្រេចអោយត្រឡប់ទៅលំនៅឋានវិញ។
ចំណែកសត្វស្វាក្រេសញី២ក្បាលត្រូវនាំទៅសង្គ្រោះនៅនៅកន្លែងមានសុវត្ថិភាពផងដែរ៕