2023-10-23 09:10
280

ភ្នំពេញ៖ ដើម្បីបង្កើនសោភ័ណ្ឌភាព និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត ក៏ដូចជាត្រៀមលក្ខណៈក្នុងព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតប្រពៃណីនាខែវិច្ឆិការខាងមុខ រដ្ឋបាលខេត្តកំពតបាននិងកំពុងរៀបចំតុបតែងលម្អតាមសួនច្បារ និងតំបន់សំខាន់ៗក្នុងក្រុងកំពតឱ្យបានមុនថ្ងៃកម្មវិធី។

ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលជាប់ឆ្នេរសមុទ្រ ហើយខេត្តនេះក៏ជាខេត្តមួយដែលជាគោលដៅទេសចរណ៍ដ៏សម្បូរបែបសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលម្ហែរកម្សាន្តផងដែរ។ ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបឆ្នាំ២០២៣នេះ ខេត្តកំពតក៏បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតប្រពៃណីផងដែរ ដែលព្រឹត្តិការណ៍មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ។

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីបង្កើនសោភ័ណ្ឌភាព ក៏ដូចជាបង្កើននូវភាពទាក់ទាញភ្ញៀវទេសចរផងនោះ រដ្ឋបាលខេត្តកំពតបានរៀបចំកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងក្រុង ដូចជាការស្ថាបនាសួនកម្សាន្តមុខសាលាខេត្តចាស់ ដែលសួននេះអាចឱ្យភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ ក៏ដូចជាមើលថ្ងៃលិចលើខ្នងភ្នំបូកគោជាដើម។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងត្រូវបានកែប្រែពីផ្លូវកៅស៊ូ មកជាផ្លូវបេតុងដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ ភ្លើងពណ៌លម្អតាមសួនច្បារសាធារណៈ និងទីតាំងសំខាន់ៗត្រូវបានរៀបចំឡើងកែលម្អបន្ថែម ហើយការកែលម្អនេះនឹងត្រូវធ្វើឱ្យរួចរាល់នៅមុនពេលព្រឹត្តិការណ៍នៃការប្រណាំងទូកមកដល់។

តាមការឱ្យដឹងពីលោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ព្រឹត្តិការណ៍នៃការប្រណាំទូកងខ្នាតប្រពៃណីក្នុងឆ្នាំនេះ គឺជាព្រឹត្តិការណ៍មួយដែលទាក់ទាញបំផុត ដែលក្នុងព្រឹត្តិការណ៍នេះនឹងមានការប្រគុំតន្ត្រី ការបាញ់កាំជ្រួច ព្រមទាំងមានការតាំងពិពរណ៌ភូមិមួយផលិតផលមួយ ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលក្នុងខេត្តកំពតផងដែរ។ លោកនាយករដ្ឋបាលបានបន្ថែមថា ចំពោះការរៀបចំតុបតែងលម្អសោភ័ណ្ឌភាពក្នុងក្រុង ក៏ដូចជាកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដូចជាការពង្រីកផ្លូវនៅខាងត្បូងសាលាខេត្តទៅដល់រង្វងមូលត្រីផ្សោតដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ការស្ថាបនាសួនកម្សាន្តមុខសាលាខេត្តចាស់ ការកាត់សម្រួលមែកឈើព្រមទាំងមានការបំពាក់ភ្លើងពណ៌តាមដើមឈើតាមបណ្តោយព្រែកកំពង់បាយផងដែរ៕