2023-03-26 08:03
598

ខេត្តស្ទឹងត្រែង៖ សាកសពស្រ្តីក្រមុំចាស់ម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេក្រោយពីជិះទូកទៅនេសាទត្រីហើយបាត់ខ្លួន៣ថ្ងៃមក។

ការប្រទះឃើញសពរសាត់អណ្តែតនោះគឺប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គព្រំប្រទល់នៃខេត្តក្រចេះជាអ្នកប្រទះឃើញនាព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣ស្ថិតនៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ទើបមានការភ្ញាក់ផ្អើលហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចដើម្បីចុះពិនិត្យជាក់ស្តែង។

ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យសពនោះទើបដឹងថាជាប្រជាពលរដ្ឋខេត្តស្ទឹងត្រែងក៏បានសហការទៅសមត្ថកិច្ចសាមីបន្ត។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពអណ្តែតរសាត់តាមផ្ទៃទឹកដងទន្លេមេគង្គនោះជាសពមនុស្សស្រីមានឈ្មោះ ម៉ន ខាំសាអន ជាស្ត្រីក្រមុំចាស់ រស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងខេត្តក្រចេះ។

ប្រភពបន្តថា ក្រោយពីស្ត្រីរងគ្រោះជិះទូកទៅនេសាទក៏ស្រាប់តែបាត់ខ្លួនតែម្តងនៅសល់តែទូក ហើយគេក៏បានដាក់ការសង្ស័យថាស្ត្រីម្នាក់នោះអាចនឹងជួបគ្រោះថ្នាក់ដោយធ្លាក់ពីលើទូកចូលទៅក្នុងទឹកទន្លេដោយប្រការណាមួយហើយទើបមានហេតុការណ៍បែបនេះ។

នៅក្នុងភិនភាគសាកសពគេឃើញមានពាក់អាវពណ៌ខ្មៅដៃវែងឆ្នូតសតិចៗ ស្លៀកខោខ្មៅជើងវែងផ្កាក្រហម។

ការប្រទះឃើញសាកសពអណ្តែតទឹកនោះត្រូវបានស្វែងរកអត្តសញ្ញាណឃើញតាមរយៈលោកអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកបុរីអូរស្វាយសែនជ័យដោយទទួលដំណឹងពីអធិការរងផែនព្រហ្មទណ្ឌស្រុកសំបូរ ខេត្តក្រចេះប្រាប់ថាមានករណីប្រជាពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់ស្លាប់អណ្តែតទឹករសាត់មកពីដងទន្លេមេគង្គលើហើយឱ្យជួយស៊ើបអង្កេតស្រាវជ្រាវបន្តក្រែងមានបងប្អូនណាបាត់សមាជិកឬសាច់ញាតិអាចមកពិនិត្យភិនភាគនិងទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។

នៅរសៀលថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ក្រោយកើតហេតុក្រុមគ្រួសារសាច់ញាតិបាត់សមាជិកនោះរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សាមគ្គីក៏បានចុះល្បាតតាមដងទន្លេស្វែងរកដែរតែរកមិនឃើញ រហូតមកដល់ព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នេះទើបប្រជាពលរដ្ឋប្រទះឃើញរសាត់អណ្តែតពីខេត្តស្ទឹងត្រែងមកដល់ស្រុកសំបូរខេត្តក្រចេះនេះតែម្តង ដែលមានចម្ងាយជិត១០០គីឡូម៉ែត្រឯណោះ៕