2023-12-12 07:12
127

ភ្នំពេញ៖     នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ក្រោយសមត្ថកិច្ចបើកប្រតិបត្តិការ បង្រ្កាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូប្រដាប់អាវុធ) យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ រហូតឈានដល់ផ្ទុះអាវុធដាក់គ្នាជាច្រើនគ្រាប់រវាងក្រុមចោរនឹងសមត្ថកិច្ចដែលបណ្តាលឱ្យអនុប្រធាននាយករដ្ឋម្នាក់រងរបួសធ្ងន់នោះ ពេលសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។
   នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចទទួលព័ត៌មានថា មានករណីកាច់ករម៉ូតូជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តខណ្ឌចំការមន និងខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Click ពណ៌ស ប្រដាប់ដោយអាវុធខ្លីមួយដើម។ ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើប្រាស់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដើម្បីចុះល្បាតតាមភូមិសាស្រ្តខាងលើ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០និង ១០នាទី កម្លាំងជំនាញយើងបានប្រទះឃើញមុខសញ្ញាសង្ស័យ ចំនួន ០២នាក់ កំពុងធ្វើសកម្មភាពកាច់ករម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-9143 ដែលជនរងគ្រោះបានចតនៅមុខអាគារ ម្តុំសួនច្បារវត្តបទុមវត្តី ផ្លូវលេខ ២៤៦ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
   ដោយប្រទះឃើញសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង ភ្លាមនោះសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធតែជនសង្ស័យបានដឹងខ្លួនហើយដកអាវុធខ្លីមួយដើម ពណ៌ស ម៉ាក LLama Max-II បាញ់មកលើសមត្ថកិច្ចបណ្តាលឲ្យលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រងរបួសត្រង់ភ្លៅខាងឆ្វេង ក្រោយពីបាញ់អស់គ្រាប់ជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមប្រមាញ់ឃាត់ខ្លួនបានទាំង ០២នាក់តែម្តង។
   នគរបាលបានឱ្យដឹងថា ចំពោះអត្តសញ្ញាណជនសង្ស័យទាំង ០២នាក់ រូមមាន ឈ្មោះ ប្រឹង សំណល់ ហៅ រស់ ចាន់ធី ហៅ រស់ សារិន ហៅ ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និង ឈ្មោះ ធី សារឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិដូនទុង ឃុំព្រះនេត្រព្រះ ស្រុកមេសាង ខេត្តព្រៃវែង។
    ក្នុងប្រតិបត្តិដ៏ក្តៅគគុកខាងលើ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ អាវុធម៉ាក LLama Max-II ០១ដើម, ម៉ូតូ ម៉ាក Click ពណ៌ស 0១គ្រឿង ស្លាកលេខ ព្រៃវែង 1X-4127 (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព), ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JX-9143 (ម៉ូតជនរងគ្រោះ), ដែកអក្សរតេ ចំនួន ០១, ដែកសំប៉ែតកាច់ករម៉ូតូ ចំនួន ០៤, កូនសោមួយចំនួន និងស្លាកលេខម៉ូតូ ចំនួន ០៣សន្លឹកផងដែរ។
   បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាននាំខ្លួនជនសង្ស័យខាងលើ និងវត្ថុតាង មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។
    ក្រោយពីធ្វើការសាកសួរចប់ ជនសង្ស័យបានឆ្លើយសារភាពថា «នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧ព្រឹក  ពួកខ្លួន  បានជិះម៉ូតូ ០១គ្រឿង ម៉ាក Click ពណ៌ស ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ព្រៃវែង 1X-4127 ចេញពីវត្តសន្សំកុសល ដើម្បីដើររកលួចម៉ូតូ (កាច់កម៉ូតូ) ដែលគេចតតាមផ្លូវសាធារណៈ។ រហូតដល់វេលាម៉ោងប្រហែល ១៦និង៣០នាទី ពួកខ្លួនបានជិះមកដល់ម្ដុំផ្សារទួលទំពូងបានឃើញម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ដែលគេចតទុកមុខហាងហើយឈ្មោះ ធី សំណល់ បានធ្វើសកម្មភាពយកដែកសំប៉ែតមុខស្រួចបុកទម្លុះបំបែកសោរកាច់ករបានសម្រេច រួចជិះទៅលក់ឲ្យបុរសម្នាក់ នៅផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលកួរស្រូវ»។
   ក្រុមចោរកាច់.កយកម៉ូតូប្រដាប់អាវុធដ៏សកម្មនេះ បានសារភាពទៀតថា ពេលលក់បានហើយពួកខ្លួនក៏ជិះម៉ូតូចូលមកភ្នំពេញវិញ ដើម្បីដើររកលួចបន្តទៀត រហូតដល់ម៉ោងប្រហែល ២០យប់ ពេលមកដល់ម្ដុំសួនច្បារវត្តបទុម ក៏បានឃើញម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ ដែលចតទុកចោលមុខអាគារមួយកន្លែង ហើយពួកខ្លួនបានដកអាវុធខ្លីដែលសៀតនៅចង្កេះមកបញ្ចូលគ្រាប់រួចដើរសំដៅទៅរកម៉ូតូដែលគេចតទុកចោលនោះ និងបានធ្វើសកម្មភាពកាច់ករបានសម្រេចហើយបំរុងជិះគេចខ្លួនក៏ឃើញមានសមត្ថកិច្ច ទៅដល់ហើយពួកខ្លួនបានបាញ់តបតជាមួយសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចម្នាក់រងរបួស។ ពេលបាញ់អស់គ្រាប់ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ 
   ក្រុមចោរបានបញ្ជាក់ថា «ចំពោះអាវុធខ្លី គឺពួកខ្លួនបានមកពីឈ្មោះ ពៅ ដែលធ្លាប់ដើរលួចកាច់កម៉ូតូជាមួយគ្នាហើយឈ្មោះ ពៅ នេះ គឺត្រូវបានប៉ូលីសបាញ់ស្លាប់កាលពីកន្លះឆ្នាំមុនបាត់ទៅហើយ»។
   ក្រៅពីសកម្មភាពលួចកាច់ករម៉ូតូខាងលើនេះ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួច (កាច់កម៉ូតូ) បានសម្រេច ចំនួន ០៥លើកទៀត នៅក្នុងភូមិសាស្រ្ត ខណ្ឌទួលគោក ០១លើក, ដូនពេញ ០១លើក, ច្បារអំពៅ ០១លើក និងខណ្ឌចំការមន ០២លើក ហើយម៉ូតូដែលលួចបាន គឺយកទៅលក់ឲ្យបុរសម្នាក់ នៅខេត្តតាកែវ។
   បច្ចុបប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ផ្តន្ទាទោសតាមច្បាប់៕