2023-12-17 03:12
101

កំពត៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ មានតួនាទីជាអធិការង នៃអធិការដ្ឋាននគរបាលក្រុងកំពត ត្រូវបានបណ្តេញចេញក្របខ័ណ្ឌដោយសារពាក់ព័ន្ធករណីគ្រឿងញៀន ដែលនេះជាសារព្រមានទៅដល់មន្ត្រីនគរបាលជាតិផ្សេងៗទៀត ក្រោមឱវ៉ាទស្នងការដ្ឋានខេត្តកំពត ឱ្យប្រុងប្រយ័ត្នខ្លួនប្រសិនមានការពាក់ព័ន្ធនឹងប្រឈមដូចករណីលោកអធិការរងម្នាក់នេះជាមិនខាន។

 លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់លើបណ្តាញសង្គម នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះថា៖ អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ «កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវធ្វើជាគំរូល្អសំរាប់ប្រជាពលរដ្ឋ»។ 

 លោកឧត្តមសេនីយ៍ទោស្នងការ បានសរសេរបញ្ជាក់ទៀតថា «ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើឲ្យប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ»។ 

 លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា «នេះជាសារព្រមានដល់កងកម្លាំងទាំងអស់នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ពន្ធ័នឹងគ្រឿងញៀន»។ 

 សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ត្រូវបានឃាត់ខ្លួន នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយធ្វើតេស្តមានផ្ទុកសារធាតុញៀន ពេលនេះមន្ត្រីជំនាញកំពុងសាកសួរ និងបំពេញនិតិវិធីផងដែរ៕