2023-12-19 01:12
207

សៀមរាប៖ អធិករណ៍រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំរបស់ព្រះសង្ឃ និងពុទ្ធបរិសកចំណុះជើងវត្ត «វត្តពោធិ៍លង្កា» ក្រុង-ខេត្តសៀមរាប ត្រូវបានដោះស្រាយបញ្ចប់ បន្ទាប់ពីគណៈសង្ឃនាយកប្រកាសរំសោយចោលគណៈកម្មការគ្រប់គ្រងវត្តចាស់ចោល អស់រយៈពេលប្រមាណជាង ១ខែកន្លងទៅ និងឱ្យព្រះសង្ឃដែលគង់នៅរៀនសូត្រត្រូវចាកចេញពីវត្តជាបណ្តោះអាសន្ននោះ ពេលនេះត្រូវបានប្រកាសគណៈគ្រប់គ្រងវត្តថ្មីជាផ្លូវការ ដើម្បីរៀបចំរបៀបរៀបរយក្នុងវត្ត ដើម្បីលប់បំបាត់រឿងអាស្រូវ និងកសាងភាពស្អាតស្អំឡើងឡើងវិញ។ 

ជាក់ស្តែងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវរណ្ណោ សមាជិកថេរសភា និងឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តទៅប្រគេនប្រកាសនីយបត្រ និងស្រោចសុគន្ធារីប្រគេនចៅអធិការ គ្រូសូត្រស្តាំ ឆ្វេង វត្តពោធិលង្កា ក្រុងសៀមរាប ខេត្តសៀមរាប ។ 

នាឱកាសនោះ ព្រះធម្មបណ្ឌិរភា ពិន ចន្ទ្រា ត្រូវបានប្រកាសតែងតាំងជា ចៅអធិការវត្តពោធិ៍លង្កា, ព្រះខន្តិរក្ខកោ ប៉យ ប៉ ជាគ្រូសូត្រស្តាំ និង ព្រះសង្សមុនី គេន សូនី ជាគ្រូសូត្រឆ្វេង។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវរណ្ណោ មានថេរដីកាថា «គិតមកដល់ពេលនេះ គឺមានរយៈពេលមួយខែដែលវត្តពោធិ៍លង្កា ត្រូវបានប្រកាសរំសាយគណៈគ្រប់គ្រងចាស់ ដោយសារតែកើតមាននូវអធិករណ៍រ៉ាំរ៉ៃយូរឆ្នាំមកហើយ»។ 

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានផ្តល់នូវព្រះដំបូន្មានមួយចំនួនដល់គណៈគ្រប់គ្របវត្តថ្មី គឺត្រូវដើរតាមផ្លូវព្រះធម៌ និងផ្លូវលោក ពុទ្ធចក្រ និងអាណាចក្រ សំខាន់នូវព្រះធម៌ សាមគ្គីធម៌ និងកសាង អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយសាសនាជ្រកក្រោមម្លប់តែមួយ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលជាសាសនារបស់រដ្ឋ ។

សម្តេចព្រះព្រហ្មរតនមុនី ក៏បានលើកនូវព្រះវិន័យរបស់ ព្រះសម្មា សម្ពុទ្ធ អង្គម្ចាស់នៃមនុស្ស ក្នុងការដឹក នាំព្រះសង្ឃនៅក្នុងទីវត្តរាម ដែលជាភារកិច្ចរបស់ ព្រះគ្រូចៅអធិការវត្ត ត្រូវគោរពប្រតិបត្តិនូវ នាយកធម៌ទាំង០៦យ៉ាង ដែលជាប្រទីបក្នុងការគ្រប់គ្រងវត្តអារាម ប្រកបដោយប្រសិទ្ធភាព និងគ្មានអធិករណ៍អ្វីកើតឡើងនោះឡើយ គឺត្រូវប្រកាន់នូវធម៌ខន្តី ។ 

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បញ្ជាក់ថា វត្តអារាមជាទីជម្រកអប់រំរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីប បំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈលើកឡើងថា «ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គម»។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងព្រះភិក្ខុសង្ឃ ទាំងអស់សំខាន់ចៅអធិការ និងមន្ត្រីសង្ឃ  ដែលទើបប្រកាសតែងតាំងនាពេលនេះ ត្រូវរម្ងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លី វត្តអារាម និងអប់រំពុទ្ធសាសនិកជនឱ្យ រៀនសូធ្យបដិបត្តិធម៌ និងវិន័យមានបិដកជាគោល និង រួមសាមគ្គីព្រះសង្ឃ ពុទ្ធបរិស័ទ តាមបណ្តាវត្តនានា ត្រូវធ្វើការអភិវឌ្ឍន៍ទីវត្ត និងបណ្តុះបណ្តាលធនធានមនុស្ស ទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ពិសេសការពង្រីកនូវវិស័យពុទ្ធកៈសិក្សា និង អភិវឌ្ឍន៍ និង អភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិផងដែរ ។

សូមបញ្ជាក់ថា អធិករណ៍ក្នងវត្តពោធិ៍លង្កា បានកើតមានជាច្រើនឆ្នាំកន្លងមកហើយដោះស្រាយមិនចេះចប់ទាក់តែសោះ រហូតចុងក្រោយនេះ បែកធ្លាយវីដេអូអតីតព្រះចៅអធិកាវត្តនេះ មានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ឈានដល់ខលវីដេអូសម្រេចមេថុន តាមអ៊ិធើណីត និងសម្លេងនិយាយប៉ះពាល់ដល់ថ្នាក់ដឹកនាំទើបរំសាយចោលគណៈគ្រប់គ្រងវត្តទាំងអស់ និងឱ្យព្រះសង្ឃ ដូនជី តាជី ចាកចេញពីវត្តពោធិ៍លង្កាទៅរកវត្តស្នាក់នៅបណ្តោះអាសន្នមួយរយៈសិនរងចាំការរៀបគណៈគ្រប់គ្រងវត្តថ្មីឡើងវិញ៕