2024-01-20 11:01
71

(ភ្នំពេញ)៖ លោក អ៉ិន ខេមរា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធីបតីប្រកាសចូលកាន់ដំណែងប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) ឆ្នាំ២០២៤-២០២៥ អាណត្តិទី៨។
    នាឱកាសនោះ លោកមានប្រសាសន៍ថា កន្លងមកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសដោយបានពង្រឹងស្មារតីសាមគ្គីភាពជាធ្លុងមួយដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងផលប្រយោជន៍រួមក្នុងស្ថាប័នខ្លួនផ្ទាល់ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
   ជាមួយគ្នានោះដែរ លោកក៏បានផ្តល់អនុសាសន៍ទៅដល់អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា ត្រូវពង្រឹងកម្លាំងកម្មករនិយោជិតដែលជាសមាជិករបស់សហជីពដែលមានស្រាប់ អោយយល់អំពីច្បាប់   ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព អោយបានទូលំទូលាយជាពិសេសលក្ខខណ្ឌការងារនៃច្បាប់ថ្មីៗដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយរួចហើយ និងត្រូវរួបរួមសាមគ្គីភាពផ្ទៃ     ក្នុងអោយបានល្អបំផុតដើម្បីការរីកចម្រើនរបស់អង្គភាព និងបម្រើផលប្រយោជន៍ជូនប្រទេសជាតិ។
   សូមបញ្ជាក់ជូនថា លោក តុល ផាន់មឿង ត្រូវបានចូលមកកាន់ដំណែងថ្មីជំនួស លោកស្រី ទេព គឹមវណ្ណារី ដែលជាប្រធានអាណត្តិទី៧ តាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ ក្នុងជួរគណៈអចិន្ត្រៃយ៏ នៃអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា៕