2024-02-05 09:02
64

ត្បូងឃ្មុំ៖បន្ទាប់ពីចាត់វិធានការក្តៅ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់ការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មាររួចមក កាលពីថ្ងៃទី៣  ខែកុម្ភៈ ឆ្នាំ2024ចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីជំនាញ បានចុះជួបសំណេះ            សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ រួមនិងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ទាំង ៤ ទីតាំង គ្រប់ដណ្តប់លើ ៩ ឃុំ ក្នុងចំណោម ១២ ឃុំ នៃស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួនជាបន្តទៀត។ 

ឆ្លៀតនៅក្នុងឪកាសនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានសម្រេចកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលកំពុងអាស្រ័យផលជាក់ស្តែង ទន្ទឹមនិងនោះរាជរដ្ឋាភិបាល ក៏បានហាមដាច់ខាតមិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតនោះឡើយ។ 

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ត្រូវចុះល្បាតឲ្យបានជាប់ជាប្រចាំ នៅតាមគោលដៅនីមួយៗ ធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗនិងបន្តស្រាវជ្រាវវែកមុខរកអ្នកពាក់ព័ន្ធដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកងកម្លាំងទាំង៤គោលដៅខាងលើនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានឧបត្ថម្ភស្បៀងអាហារក្នុងមួយទីតាំងអង្ករ ១០០គីឡូ ទឹកត្រី ២យួរ ទឹកស៉ីអ៉ីវ ២ យួរ មី ៧ កេស ត្រីខ ៥ យួរ ធុងទឹក ១   តង់ ១ និងថវិកាមួយចំនួនផងដែរ៕