2024-03-08 07:03
51

កាលពីព្រឹកថ្ងៃទី០៧មីនាឆ្នាំ២០២៤ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ចំណុះអោយរដ្ឋបាលរាជធានី ត្រូវបានធ្វើតេស្ត ដើម្បីស្វែងរកសារធាតុញៀន ការពិនិត្យទឹកនោមស្វែងរកសារធាតុញៀននេះបានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយពិនិត្យទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ រួមនិងមន្ត្រីជាប់កិច្ចសន្យាផងដែរ។គួរបញ្ជាក់ថា មន្ត្រីបំរើការងារនៅសាលារាជធានីភ្នំពេញ មានសរុបចំនួន៥៤៧រូប ហើយក្នុងចំនួននេះ ក្រោយការពិនិត្យ គឺមិនមានមន្ត្រីណាម្នាក់ រកឃើញថាមានសារជាតិញៀននៅក្នុងខ្លួននោះឡើយ។
   សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយតម្រូវអោយ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធជាមួយគ្រឿងញៀនជាដើម ក្នុងករណីបើរកឃើញ  ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងជាដាច់ខាតការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំបានរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ៕