2023-12-20 04:12
88

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានដឹកនាំប្រតិភូក្រសួងកិច្ចការនារី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននាយទាហ៊ាន និងពលទាហ៊ាននៅវរៈសេនាតូចលេខ២នៃតំបន់ប្រតិបត្តិការសឹករងរតនគិរីស្ថិតនៅ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្នុងការចុះសួរសុខទុក្ខនោះដែរលោកជំទាវ រដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និង លោកជំទាវ ជូនចំពោះនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៅទូទាំងតំបន់ប្រតិបត្តិការសឹករងរតនគិរី។

លោកជំទាវ បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយ ក្នុងស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងសូមសម្តែងនៅការកោតសរសើរចំពោះកងកម្លាំងយោធាវរៈសេនាតូចលេខ២ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវគ្រប់ឧបសគ្គ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ច នៃប្រទេសជិតខាង ធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាន នូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានផ្តាំផ្ញើផងដែរថា កងកម្លាំងយោធាទាំងអស់ក្រៅពីបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ និងសន្តិសុខសង្គម សូមបងប្អូនកងកម្លាំងត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់និង ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អនៅតាមព្រំដែនត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗ ដូចជាបទល្មើសគ្រឿងញៀន និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជាជាដើម។

ក្នុងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបាននាំមកនូវ អំណោយទៅចែកជូនយោធាវរៈសេនាតូចលេខ២នៃតំបន់ប្រតិបត្តិការសឹករងរតនគិរីក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ,ត្រីងៀត១គីឡូ,ស្ករសរ១គីឡូ,អំបិល២គីឡូ,ទឹក្រូច១កេស,ភួយ១,កន្សែង១ និងថវិកា១០មុឺនរៀល។ដោយឡែកលោកជំទាវបានឧបត្ថម្ភដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី ជាស័ង្កសី២៥០សន្លឹកស្មើនិងថវិកា២.៥០០.០០០រៀល,ម៉ាសុីនហ្វូតូកូពី១គ្រឿងស្មើ និងថវិកា៦.០០០.០០០រៀល,ម៉ាសុីនព្រីន១គ្រឿងស្មើនិងថវិកា៦០០.០០០រៀល,និងថវិកា៣លានរៀល។ឧបត្ថម្ភថវិកាតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងនិងមណ្ឌលគិរីថវិកាក្នុងមួយអង្គភាព៣លានរៀលផងដែរ៕