2024-03-01 07:03
59

(កែប) ៖      កាលពីថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ២០២៤នេះលោកអ៊ុយ សិលា ម្ចាស់ស្រែអំបិល បានស្នើរដល់ក្រសួងស្ថាប័ននិងជំនាញមេត្តាជួយកាត់បន្ថយនាំចូលអំបិលពីប្រទេសជិតខាង។
  លោក អ៊ុយ សិលា ជាម្ចាស់ស្រែអំបិលបានលើកឡើងថា ទោះបីជាអំបិលឆ្នាំនេះប្រមូលផលបានច្រើនក៏ពិតមែន ក៏ប៉ុន្តែការលក់ចេញស្ថិតក្នុងចំនួនដ៏តិចតូចមួយប៉ុណ្ណោះ ជាមួយនឹងតម្លៃចុះថោក បើធៀបជាមួយតម្លៃអំបិលលក់ចេញ កាលពីពេលកន្លងទៅ។
  អំបិលឆ្នាំនេះ គិតត្រឹមខែ កុម្ភៈ ដើម២០២៤ អំបិលនៅក្នុងឃ្លាំងមានចំនួន ៤.២៣០តោន ក្នុងនោះអំបិលប្រមូលបានថ្មីក្នុងឆ្នាំនេះ មានចំនួន ៣.៩៧០តោន ដោយការលក់ចេញទើបតែបានចំនួន ៣៥០តោន ប៉ុណ្ណោះ។
  នេះបើតាមតួរលេខរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប។
  លោក អ៊ុយ សិលា អ្នកគ្រប់គ្រងស្រែអំបិលនៅក្រុងកែប ខេត្តកែប បានឱ្យដឹងថា បច្ចប្បន្នលោកមានអំបិលក្នុងឃ្លាំងប្រមាណជាង ២ពាន់តោន ក្នុងនោះលោកទើបតែលក់បានប្រមាណ ៦ពាន់បាវតែប៉ុណ្ណោះ (១ប៉ាវ ស្មេី៥០គ.ក)។
  ទោះបីប្រមូលផលបានច្រើន តែលោកហាក់មិនសប្បាយចិត្តដោយសារ តម្លៃទាបជាងឆ្នាំមុន ដោយបច្ចប្បន្នអំបិលលេខ១ ក្នុងមួយបាវ លក់បានតែ ១០.០០០ ទៅ ១១.០០០រៀល លេខ២ លក់បានពី ៨.000 ទៅ ៩.០០០រៀល (១បាវ ស្មើ ៥០គ.ក)។

  ដោយឡែកកាលពីឆ្នាំកន្លងទៅអំបិល លេខ១ លក់បានចាប់ពី ២០.០០០រៀល និងលេខ២ ចាប់ពី ១៨.០០០ ទៅ ២០.០០០រៀល ឯណោះ។
លោក អ៊ុយ សិលា ម្ចាស់ស្រែអំបិលបានបង្ហាញការភ្ញាក់ផ្អើលថា ឆ្នាំនេះស្ងាត់ប្លែក ដោយមិនមានក្រុមឈ្មួញកណ្តាលចុះមកទិញច្រើនដូចឆ្នាំរាល់ៗដង។
  យ៉ាងណាលោកបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន ដោយសារឈ្មួញកណ្តាលទាំងនោះកំពុងនាំចូលអំបិលពីបណ្តាប្រទេសមួយចំនួនដូចជាវៀតណាម ថៃ ឬឥណ្ឌា ជាដើម ជាមួយតម្លៃដែលទាបជាងយើងឆ្ងាយ។
  លោកអ៊ុយ សិលា បន្តសំណូមដល់ប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រអំបិលដែលផលិតដោយធម្មជាតិរបស់ខ្មែរ ដែលជួយគាំទ្រដល់ការផលិតរបស់កសិករ និងជួយសុខភាពអ្នកបរិភោគផង។
ក្នុងនោះក៏ស្នើដល់ក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ កាត់បន្ថយការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីលើកស្ទួយផលិតអំបិលជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្ត។
  លោក អ៊ុយ សិលា ម្ចាស់ស្រែអំបិលបានបញ្ជាក់ថា សម្រាប់ឃ្លាំងលោក មានប្រជាពលរដ្ឋអាចមកមើលកម្សាន្តពីចរន្តនៃការផលិតអំបិលធម្មជាតិយើងក៏បាន និងអាចទិញក្នុងចំនួនណាមួយក៏បាន។(សឹង រ៉ាត់)