2023-10-27 11:10
403

ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើអ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន នឹងគ្រឿងស្រវឹង ដើម្បីចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍។ 

ការចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ អនុវត្តន៍តាមផែនការលេខ២៩៥២/២៣ ផក.ខពស របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១៩និង០០ ដល់ ២២និង០០យប់ នៅចំណុច មុខប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ភូមិព្រៃឱម៉ាល សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 

កិច្ចប្រតិបត្តការខាងលើ កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចំនួន ២៦នាក់ និងកម្លាំងនៃការិយាល័យគ្រឿងញៀន ចំនួន ០៦នាក់ បានសហការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យលើអ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលសាធាតុញៀន និងគ្រឿងស្រវឹង។

ចំពោះលទ្ធផលបានត្រួតពិនិត្យ អ្នកបើកបរមានសារធាតុគ្រឿងញៀន ចំនួន ០១នាក់ និងបានធ្វើកំណត់ហេតុអប់រំនៅគោលដៅ និងមិនមានអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងឡើយ៕ លាន គ្រន