2024-03-20 01:03
53

(កំពត) ៖  នាថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតបានលើកឡើងថា សម្បត្តិ វប្បធម៌ខ្មែរជាដួងព្រលឹងរបស់ជាតិសាសន៍មួយ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា សម្បត្តិវប្បធម៌ទាំងអស់នោះឲ្យបានគង់វង្សយូរអង្វែង។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឲ្យមន្ត្រីជំនាញត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារសិក្សាស្រាវជ្រាវការផ្សព្វផ្សាយសាបព្រោះ និងបំផុតស្មារតីអភិរក្សសម្បត្តិវប្បធម៌ជាតិដល់មនុស្សជំនាញក្រោយឱ្យគ្រប់វិស័យ។

មានប្រសាសន៍នៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដែលបានរៀបចំធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលបូកគោខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍នៅសាលបូកគោខេត្តកំពតបានលើថាសម្បត្តិ វប្បធម៌ អរីយធម៌ខ្មែរផូរផង់ ខ្ពង់ខ្ពស់ខ្លាំងណាស់ ហើយជាតិសាសន៍ណាក៏ចង់បានដែរ ដូច្នេះប្រជាពលរដ្ឋ ពិសេសយុវជនត្រូវចូលរួមថែរក្សា ឲ្យបានគង់វង្សយូរអង្វែង។

ឯកឧត្តមបានណែនាំឲ្យមន្ត្រីជំនាញបន្តពង្រឹងការងារសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ សាបព្រោះ បំផុសស្មារតីអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ដល់ពលរដ្ឋ ពិសេសមនុស្សជំនាន់ក្រោយ។
  
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ លោក គង់ ផល្លា បានបញ្ជាក់ថា មន្ទីរបានបន្តការពារបុរាណស្ថានរួមមាន ប្រាសាទ សំណង់បាក់បែកនៃប្រាសាទ ស្ថានីយ៍បុរេប្រវត្តិ ទួលអង្គបុរាណ វត្តបុរាណ ចេតិយបុរាណ ស្រះបុរាណ និងបុរាណស្ថានផ្សេងៗទៀត។

ជាមួយគ្នានោះ ក្រុមការងារបានបន្តស្រាវជ្រាវបុរាណស្ថានថ្មីៗបន្ថែម ដើម្បីចុះបញ្ជីសារពើភណ្ឌ ស្ថានីយ៍បុរាណវិជ្ជា  បានបញ្ចប់ការធ្វើផែនទីបុរាណស្ថាន និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបុរាណស្ថានទូទាំងខេត្តបានចំនួន៣១៥ទីតាំង សំណង់អគារផ្ទះល្វែង ស្ពាន ឡដុតសម័យអាណានិគមបារាំងសរុបបានចំនួន៣៩៥កន្លែង ដើម្បីបញ្ចូលទៅក្រសួងបន្ថែមទៀត។

មន្ទីរបានបោះបង្គោលការពារបុរាណស្ថានដែលប្រឈមខ្លាំង បានចំនួន ៣ ក្រុងស្រុក  បានកសាងសលាកបត្រស្ថានីយ៍បុរាណបាន៤ក្រុងស្រុកស្មើនឹង៧៩បុរាណស្ថាន ទួលអង្គ៧៦ និងវត្តចំនួន៣ និងបានទទួលបានប្លង់កម្មសិទ្ធបុរាណស្ថានចំនួន៤៣ប្លង់រឹង ។

មន្ទីរក៏បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពស្ថិតិបិតិកភណ្ឌវប្បធម៌អរូបី ដល់ក្រុមសិល្បៈមហាជន បានចំនួន២២០ក្រុម ដើម្បីចុះក្នុងបញ្ជី មានដូចជា ចាប៉ីដងវែង ខ្សែដៀវ ភ្លេងអារក្ខ កន្ទ្រាំមីងជាដើម ហើយមន្ទីរក៏បានបណ្តុះបណ្តាល បង្ហាត់បង្រៀនរបាំ និងតូរ្យតន្ត្រីបុរាណដល់យុវជនផងដែរ។(សឹង រ៉ាត់)