2024-02-13 11:02
64

កំពត៖ កម្លាំងប៉េអឹមខេត្តកំពត បានចាប់ខ្លួនស្ត្រីបម្រើសេវាកម្មម៉ាស្សាជនជាតិចិនម្នាក់ និងបុរសជនជាតិម៉ាឡេស៊ី ជាបុគ្គលិកកាស៊ីណូ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

មុខសញ្ញាជនបរទេសទាំង ០២នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប នៅវេលាម៉ោង ១៥និង១០នាទី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ នៅចំណុច ភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការណ៍ជាមួយកម្លាំងស្នាក់ការសន្តិសុខព្រែកចាក ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងទទួលជំនាញគ្រឿងញៀន ដោយបានការអនុញ្ញាតពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ 

ជនសង្ស័យដែលឃាត់ខ្លួន ចំនួន០២នាក់នោះ រួមមាន៖ ទី១- ឈ្មោះ ឆៃ នីនតាន ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិចិន មុខរបរ ម៉ាស្សា ស្នាក់នៅភូមិលក ឃុំឬស្សីស្រុក ស្រុកកំពង់តាច ខេត្តកំពត (ជួញដូរគ្រឿងញៀន) និងទី២- ឈ្មោះ ហឺឡុងសិន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរ បុគ្គលិក អនឡាញ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (ប្រើប្រាស់គ្រឿងញៀន)។                   
                          
ចំពោះវត្ថុតាងចាប់យកបាន រួមមាន៖ គ្រឿងញៀនប្រភេទ កេតាមីន ម្សៅក្រាម ចំនួន ៣៨កញ្ចប់តូចទម្ងន់ ១១៣,៧១ក្រាម ថ្លឹងទាំងសំបក់ថង់, គ្រឿងញឿន ប្រភេទ WY ចំនួន ០៧គ្រាប់ ទំងន់១,៩៤ក្រាម និងទូរសព្ទ ចំនួន ០១គ្រឿង។ 

ក្នុងពេលប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (លទ្ធផលអវិជ្ជមាន)។ 
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដើម្បីបន្តនីតិវិធី៕