2023-04-15 10:04
345

កំពង់ស្ពឺ៖ សម្រាប់សង្ក្រាន្តថ្ងៃទី១ នៅសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរណ៍អញ្ជើញមកចូលរួមលេងកម្សាន្តប្រមាណជាង ៧ម៉ឺននាក់ ដែលប្រព្រឹត្តទៅដោយភាពសប្បាយរីករាយបំផុត។ 

 

រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំថោះ នៅសួនច្បារសម្តេចព្រះសង្ឃរាជ ជូន ណាត ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៤រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ តាមទំនាមទំលាបពីបុរាណ។ 

ពិធីនោះដែរ ក៏មានការលេងល្បែងប្រជាប្រិយ និងរាំកំសាន្ត បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាព រវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ និងក្រុមយុវជន ក៏ដូចរំឭកឡើងអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្ត បានធ្វើឡើងក្នុងរយះពេល១ឆ្នាំកន្លងទៅ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភ័ណភាពក្នុងខេត្តផងដែរ។ 

លោក វ៉ី សំណាង អភិបាលខេត្ត និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃអ៊ុបទ្រុបទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួរស្តីពីទេវតាឆ្មាំថ្មីបានចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ សម្រាប់អាយុកាលរបស់យើងម្នាក់ៗចេះតែរំកិលទៅមុខឥតឈប់ឈរ ពេលវេលាមិនរង់ចាំយើងទេ ដូច្នេះទាមទាឲ្យបុគ្គលគ្រប់រូបប្រតិបត្តិតែអំពើល្អ អំពើជាកុសលសំរាប់ខ្លួនយើង សម្រាប់ក្រុមគ្រួសារ សម្រាប់អ្នកនៅជុំវិញយើង។ 

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបង្ហាញថា សម្រាប់ថ្ងៃសង្ក្រាន្តទី១ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣ នេះថា មានភ្ញៀវទេសចរមកលេងកម្សាន្ត កំពង់ស្ពឺសង្រ្កាន្ត មានចំនួន ៥៧,៤៦២នាក់ ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅ ចំនួន៧,១៥៨នាក់ និងភ្ញៀវទេសចរ សរុបមានចំនួន ៦៤,៦២០នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ២,១០៥នាក់ផងដែរ៕