2023-12-18 02:12
118

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ តាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានដឹកនាំកម្លាំងធ្វើការឃាត់រថយន្តជាច្រើនគ្រឿងដែលកំពុងធ្វើចរាចរណ៍ ក្នុងក្រុងបាត់ដំបង ដោយការដឹកទំនិញសំពីងសំពោង បង្កឱ្យមានការរិះគន់ពីមហាជននៅក្នុងក្រុងបាត់ដំបង។

 នៅពេលនេះរថយន្តនិងម្ចាស់ត្រូវបាននាំយកមកកាន់ស្នងការដ្ឋានដើម្បីសាកសួរធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរនិងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ហើយឱ្យរុះរើទំនិញសំពីងសំពោងនេះចេញ មុនពេលអនុញ្ញាតឱ្យត្រឡប់ទៅ វិញ ហើយក្នុងករណីម្ចាស់រថយន្តនេះនៅតែប្រព្រឹត្តិល្មើសជាថ្មីទៀតនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យទ្វេរដង ស្របតាមច្បាប់ ។

 សូមជម្រាបជូនថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមន្រ្តីនគរបាលចរាចរណ៍បានយកចិត្តទុកដាក់ អនុវត្តជាប់ជាប្រចាំតែយូរៗម្តងករណីល្មើសច្បាប់ដែលបង្កដោយអ្នកបើកបររថយន្តដឹកទំនិញសំពីងសំពោង នេះតែងឆ្លៀតប្រព្រឹត្តិល្មើស ដែលមួយចំនួនបានចូលមកឬឆ្លងកាត់ក្រុងបាត់ដំបងនៅពេលយប់ ឬពេលទៀបភ្លឺ ដែលជាពេលវេលាមិនមានការត្រួតពិនិត្យ ហើយភ្លឺឡើងក៏ត្រូវបានមហាជនប្រទះឃើញរថយន្តទាំងនេះ មានវត្ត មាននៅក្នុងមូលដ្ឋាន ដែលពេលខ្លះក៏មហាជនបានរាយការណ៍ផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលដើម្បីចាត់វិ ធានការលើរថយន្តនេះ ហើយរូបភាពខ្លះក៏ត្រូវបានផ្សព្វផ្សាយដោយអ្នកប្រើប្រាស់បណ្តាញសង្គម បង្កឱ្យមាន ចំណាត់ការពីសមត្ថកិច្ចចំពោះរថយន្តល្មើសច្បាប់ទាំងនោះ៕