2024-02-27 08:02
100

ពោធិ៍សាត់៖     ករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ របស់ លោកស្រី ស៊ឹង សុខអាង ចំណុចជើងភ្នំ១៥០០ ត្រូវបានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សាស្វែងការពិតលើរឿងនេះ។ 
 b  លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 
   កិច្ចប្រជុំអន្តរក្រសួងនេះ ត្រូវបានរៀបចំដោយមានការអញ្ជើញចូលរួមពីលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈប្រតិភូនៃក្រសួងអធិការកិច្ច, តំណាងស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, មន្ទីរមានសមត្ថកិច្ចពាក់ព័ន្ធ ចំនួន៨, លោកអភិបាលនៃគណៈអភិបាលស្រុកវាលវែង និងមន្ត្រីជំនាញ សរុបចំនួន ៤៥ រូប។ 
   សូមជម្រាបថា នាពេលកន្លងមកលោកស្រី ស៊ឹង សុខអាង បានស្មើសុំទៅក្រសួងបរិស្ថាន ដើម្បីសុំសិទ្ធវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខាតតូច ស្ថិតនៅចំណុច ជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមិនអុញ្ញាតឱ្យលើសពីទំហំដី ១០ហិកតា កាលពីឆ្នាំ២០២២ ប៉ុន្តែក្នុងការអនុវត្តគម្រោងមានភាពមិនប្រក្រតីទើបអាជ្ញាធរខេត្តចាត់ក្រុមការងារជំនាញចុះពិនិត្យ និងបានរាយការណ៍ទៅក្រសួងបរិស្ថាន រហូតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានការអនុញ្ញាតជាគោលការណ៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជួនដំណឹងចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ឲ្យក្រសួងអធិការកិច្ចដឹកនាំក្រុមការងារអន្តរក្រសួងចុះស្រាវជ្រាវ និងអង្កេតលើករណីភាពមិនប្រក្រតីការអនុវត្តន៍គម្រោងរបស់លោកស្រី លោកស្រី ស៊ឹង សុខអាង នៅជើងភ្នំ១៥០០នេះតែម្តង។ 
  បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ត្រូវបានផ្អាកជាបណ្តោះអាសន្ន៕