2023-07-30 03:07
176


កំពង់ស្ពឺ៖  កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានជួយសង្គ្រោះជនជាតិចិន ចំនួន ០២នាក់ ដែលជូនឧបសគ្គបើករថយន្តឆ្លងកាត់ត្រង់ចំណុចមានជំនន់ទឹកភ្លើងហូរកាត់ផ្លូវជាតិលេខ៤ បណ្តាលឲ្យធ្លាក់ជង្ហុកជាប់ផុតទៅមុខមិនរួច ខណៈទឹកហូរខ្លាំងអាចបង្កឲ្យមានហានីភ័យផងដែរ។ 


សកម្មភាពជួយសង្គ្រោះជនជាតិចិនទាំង ០២នាក់  ដែលត្រង់ចំណុចស្ពានអូរគគី ក្នុងឃុំយាយម៉ៅពេជ្រនិល  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ។ 
សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិចិនប្រុស ស្រីទាំង ០២នាក់ បានធ្វើដំណើរដោយរថយន្ត ០១គ្រឿង ក្នុងទិសដៅពីខេត្តព្រះសីហនុមកភ្នំពេញ ដល់ចំណុចមានទឹកជំនន់ហូរកាត់ផ្លូវ សមត្ថកិច្ចហាមឃាត់មិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ ប៉ុន្តែបានព្យាយាមបើកឆ្លងកំណាត់ផ្លូវដែលមានទឹកហូរកាត់ខ្លាំងបណ្តាលឱ្យរថយន្តរលត់ជាប់ផុងនៅក្នុងខ្សែទឹកដែលមានហានីភ័យរងគ្រោះថ្នាក់ដល់អាយុជីវិតបំផុត។ 
សមត្ថកិច្ចបានបន្តទៀតថា ដោយមើលឃើញគ្រោះថ្នាក់បែបនេះកម្លាំងសមត្ថកិច្ចដែលប្រចាំការត្រួតពិនិត្យ  និងសម្រួលចរាចរណ៍បានធ្វើការជួយសង្គ្រោះភ្លាមៗ ដើម្បីសង្គ្រោះមនុស្សដែលជាប់គាំងនៅក្នុងរថយន្តនោះចេញមកកន្លែងសុវត្ថិភាព ប៉ុន្តែដោយកម្លាំងទឹកហូរខ្លាំងមានពិបាកយកមនុស្ស តែទោះយ៉ាងណាប្រតិបត្តិការនោះទទួលបានជោគជ័យដោយសង្គ្រោះបានទាំងមនុស្ស  និងរថយន្តចេញពីខ្សែទឹកជំនន់។ 
សូមបញ្ជាក់ថា នៅចំណុចកើតហេតុទឹកបានហក់ឡើងខ្លាំងខណៈដែលភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា ផ្លូវបានរងការខូចខាត ចរាចរណ៍នៃរថយន្តធំត្រូវបានកាត់ផ្តាច់ទាំងស្រុង៕