2024-01-30 04:01
67

ភ្នំពេញ៖ រូបភាពនៃសកម្មភាពរបស់បុរស ចំនួន ០២នាក់ ក្នុងនោះមានម្នាក់ ស្លៀកពាក់ឯកសណ្ឋានខោប៉ារ៉ា និងពាក់អាវយឺតកងរាជអាវុធហត្ថ តម្រង់ចុងកាណុតវុធចេញពីក្នុងរថយន្តកាម៉ារីបាឡែនមួយគ្រឿង ដើម្បីបរបាញ់សត្វស្លាបដោយខុសច្បាប់កំពុងផ្ទុះការរិះយ៉ាងខ្លាំងពីសំណាក់មហាជនក្រោយបែកធ្លាយ ព្រមទាំងមានការបង្ហោះចែកចាយព្រោងព្រាតលើបណ្តាញសង្គម ។ 

 រូបភាពប្រមាណ ៥សន្លឹក និងឃ្លឹបវីដេអូប្រមាណ ១៣វិនាទី ត្រូវបានបង្ហោះចែកចាយព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ ស្តីពីសកម្មភាពមនុស្ស ០២នាក់ ដែលបុរសម្នាក់មានមាឌដំបងស្លៀកខោប៉ារ៉ា និងពាក់អាវយឺតមានអក្ស «អ.ហ» ជិះក្នុងរថយន្តកាម៉ារីបាឡែន ០១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 បានតម្រង់កាណុងកាំភ្លើងចេញតាមកញ្ចក់រថយន្តបាញ់សំដៅទៅសត្វស្លាបដែលកំពុងចុះរកចំណីតាមបឹង និងមានស្លៀកពាក់ស៊ីវិលជាអ្នកចុះទៅរើសសត្វដែលបាញ់ត្រូវ ។ 

 អ្នកលេងបណ្តាញសង្គមម្នាក់ បានបង្ហោះថា៖ «ច្បាស់ចែស!! សំណាងហើយចំសត្វ បើចំមនុស្សវិញ ចប់និយាយ! បុរសម្នាក់បាញ់សត្វនៅបឹងទីសាធារណះ រកាកណ្តាល ខេត្តក្រចេះ» ។ 

 ក្រោយពីមានការបង្ហោះនូវរូបភាពទាំងនេះ មហាជនអ្នកនិយមលេងបណ្តាញសង្គម បានផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពល្មើសច្បាប់នេះ ព្រោះមើលទៅអ្នកកាន់កាប់អាវុធដើរបរបាញ់សត្វនោះទំនងជាកងកម្លាំងប្រដាប់អាវុធស្ថិតក្នុងកងឯកភាពណាមួយជាក់ជាមិនខាន ។ 

 ពាក់ព័ន្ធសកម្មភាពនេះ អ្នកលេងបណ្តាញសង្គមស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវរកមុខបុរសក្នុងរូបភាពនោះ ដើម្បីអនុវត្តតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរផងដែរ ៕