2023-10-20 10:10
214

(ព្រះសីហនុ)៖ ព្រះឧត្តមវិជ្ជា គង់ ប្រុស ព្រះមេគណស្ដីទីខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំព្រះមន្ត្រីសង្ឃ ព្រះចៅអធិការវត្តជាច្រើនអង្គ ចុះផ្តល់ទេយ្យទាន និងថវិកាមួយចំនួន ដល់អនុសាខាកាកបាទក្រហមស្រុកព្រៃនប់ ដឹកនាំទទួលដោយលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ ទុកសម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះក្នុងមូលដ្ឋាន។

លោក អុី ធារិន បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លាចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ព្រះឧត្តម គង់ ប្រុស និងព្រះសង្ឃតាមវត្តអារាមនានា ដែលតែងតែបានឧបត្ថម្ភអំណោយជាសម្ភារ: និងថវិកា ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ និងបានចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ផងដែរ។

ក្នុងឱកាសនេះ លោក អ៊ី ធារិន បានបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះបង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបានទាន់ពេលវេលា និងបានធានាអះអាងថា នឹងនាំយកអំណោយទាំងនេះចុះប្រគល់ដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដផងដែរ។

សូមបញ្ជាក់ដែរថា ទេយ្យទានដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ ទទួលបានរួមមាន៖ អង្ករចំនួន ១,២២៥គីឡូក្រាម  មីចំនួន ៩០កេស  ត្រីខចំនួន ៥យួរ   ទឹកត្រីទឹកស៊ីអ៊ីវចំនួន ៣៨យួរ   ស្កសរចំនួន ៣០គីឡូក្រាម  ទឹកផ្លែឈើ ទឹកក្រូចចំនួន ៣៩កេស   ទឹកដោះគោចំនួន ២០កំប៉ុង   ទឹកសុទ្ធចំនួន២៩កេស និងថវិកាចំនួន ២,០០០,០០០រៀល៕