2023-09-26 01:09
166

(កំពង់ឆ្នាំង)៖ បន្ទាប់ពីបានបើកកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីរៀបចំយុទ្ធសាស្ត្រកក្នុងការចុះបង្ក្រាប និងទប់ស្កាត់នូវសកម្មភាពបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់លោក អភិបាលខេត្តរួចមក នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងមន្ត្រីជំនាញរដ្ឋបាលជលផលដោយផ្ទាល់ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្ត សរុបជិត៥០នាក់ តាមមធ្យោបាយទូកបាឡាស្មាច់ជាច្រើនគ្រឿង ចុះធ្វើសកម្មភាពរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទសាទល្មើសច្បាប់ជាលក្ខណៈទ្រង់ទ្រាយធំនៅចំណុចស្រុកកំពង់លែង និងស្រុកជល់គីរី។
ជាលទ្ធផលកម្លាំងចម្រុះបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់អស់ជាច្រើន ក្នុងនោះមានរបាំងសាច់អួនក្រឡាញឹក របាំងស្បៃមុងលបលូនិងឧបករណ៍ នេសាទល្មើសច្បាប់ជាច្រើនទៀត រួមទាំងបង្គោលបោះរបាំ ងធ្នួសជាច្រើនរយដើមផងដែរ។

លោក ងិន ហ៊ុន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរសព្ទនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទ ទាំងមន្ត្រីជំនាញ ទាំងគណៈបញ្ជាការឯកភាពរដ្ឋបា លស្រុកគ្រប់ស្រុក តែងធ្វើសកម្មភាពជាប់ជាប្រចាំ តាំងពីរដូវបើករហូតមកដល់បច្ចុប្បន្ន សកម្មភាពចុះបង្ក្រាបបទ ល្មើសនេសាទនេះ គឺបានធ្វើឡើងទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំទៅតាមទីតាំង និងស្ថានភាព នៃការប្រើឧប ករណ៍នេសាទល្មើសជាក់ស្ដែង។

លោកបានបញ្ជាក់ទៀតថា ជាគោលការណ៍របស់ក្រសួងកសិកម្ម ក៏ដូចជាគោលការណ៍របស់លោកអភិបាលខេត្ត ត្រូវតែធ្វើការរឹតបន្តឹងឲ្យបានមឹងម៉ាត់ជាដាច់ខាតពាក់ព័ន្ធសកម្មភាពបទល្មើសនេសាទនេះ ដោយមិនមិនត្រូវបណ្ដែត បណ្ដោយឲ្យកើតមានបែបអនាធិបតេយ្យនោះឡើយ។

ជាពិសេសការប្រើឧបករណ៍ស្បៃមុង និងការដាក់របាំងដែលមានបណ្ដោយវែងៗលើសពីច្បាប់កំណត់ដូច្នេះទាំងមន្ត្រីជំនាញរដ្ឋបាលជលផល ទាំងអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងទាំង៣ប្រភេទ នៅគ្រប់មូលដ្ឋានជាប់បឹង ទន្លេសាបត្រូវតែសហការគ្នាចុះបង្ក្រាប និងទប់ស្កាត់ឲ្យខាងតែបាន។

ឆ្លៀតក្នុងឱកាសនេះ ប្រធានមន្ទីរកសិកម្ម ក៏សូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលធ្វើការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ ឬក៏ការនេសាទខុសពីច្បាប់ស្ដីពីជលផល សូមបងប្អូនកុំនាំគ្នាប្រព្រឹត្តជាបន្តទៀត ព្រោះចាប់ពីពេលនេះទៅ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលជលផល និងធ្វើការចុះរុះរើបំផ្លាញចោលនៅគ្រប់ទីកន្លែង ដោយមិនមានការយោគយល់ទៀតឡើយ។ ករណីនៅតែមិនរាងចាល មន្ត្រីនគរបាលយុត្តិធម៌អាចនាំខ្លួនបងប្អូនដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ផងដែរ៕