2023-07-03 03:07
158

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា ចំនុចខ្វះខាត របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តកន្លងមក ដើម្បីរួមគំនិត មតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទាន់ពេលវេលា និងពេញចិត្ត ដែលកិច្ចប្រជុំនេះធ្វើថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។ 

ក្រោយពីបានស្ដាប់នូវផែនការសកម្មភាព របាយការណ៍ និងបញ្ហាប្រឈម ចំនុចខ្វះខាត មួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងរួចមកនោះ។ 

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអនុវត្តន៍ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក។ 

ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងថា មន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាពខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព ត្រូវតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបជូនគាត់បានទាន់ពេលវេលា។ ត្រូវតាមដាននិងក្តាប់ឲ្យបានសកម្មភាពទាំងឡាយ ជាពិសេសការអនុវត្តឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សុំឲ្យគណៈបញ្ជាការឯកភាពខេត្ត ត្រូវយកចិត្តទុកដាក់ថែរក្សា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជាពិសេសត្រូវក្តាប់ឲ្យបាននូវពូកអគតិមួយចំនួនដែលមានចេតនាបង្ករភាពអសកម្មណាមួយនោះ។ 

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី ៤៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនេះ បានធ្វើការ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្ដល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា និងសេចក្តី ព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៥ ៕