2023-12-11 06:12
109

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីរក្សាទុក ដឹកញ្ចូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ និងថ្នាំញៀនជិត ១គីឡូក្រាមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 
   នគរបាលបានឲ្យដឹងថា ការបង្ក្រាបករណាជួញដូរគ្រឿងញៀនខាងលើ អនុវត្តន៍តាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ, ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ 
   កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាប នៅចំណុច ក្រោយវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
   ឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ រួមមាន ១- ឈ្មោះ បឿន សុខលាភ ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ, ២- ឈ្មោះ ហេង វណ្ណនិត ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ និង ៣- ឈ្មោះ សុវណ្ណ រាជ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ។
   ចពោះវត្ថុតាង និងសម្ភារចាប់យកបាន រួមមាន គ្រឿងញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៥០.៩៧ក្រាម និងគ្រឿងញៀនកេតាមីន (KETAMINE) ទម្ងន់ ៦.៨២ក្រាម។ 
  ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕