2023-05-17 04:05
374


មណ្ឌលគិរី៖ សំរឿងលោក ហួរ ណារិន ចៅសង្កាត់រង នៃសង្កាត់រមនា ក្រុងសែនមនោរម ខេត្តមណ្ឌលគិរី ដែលបានប្រើអំពើហិង្សាយកកែវស្រាគប់លើអតីតមន្ត្រីចូលនិវត្តន៍បណ្តាលឲ្យរងបួស ត្រូវបានសមត្ថកិច្ចជំនាញកសាងរួចរាល់នឹងត្រូវបញ្ជូនទៅកាត់តុលាការ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ដើម្បីបន្តនិតិវិធីច្បាប់។ 


ករណីលោកចៅសង្កាត់រងរមនា ប្រើអំពើហិង្សាលើអតីតមន្ត្រីចូលនិវត្តន៍ ជនសង្ស័យមិនត្រូវបានឃាត់ខ្លួនទេ និងព្យាយាមរត់ការសម្របសម្រួលជាមួយជនរងគ្រោះបង់សំណងជំងឺចិត្ត និងថ្លៃព្យាបាលរបួសក្រៅប្រព័ន្ធច្បាប់ហើយភាគីទាំងពីរបានយល់ព្រមឯកភាពបញ្ចប់ការប្តឹងផ្តល់ ប៉ុន្តែករណីនេះនៅជាប់បណ្តឹងអាជ្ញាទើបញ្ជូនសំណុំរឿងទៅតំណាងអយ្យការដើម្បីសម្រេចតាមនិតិវិធី។ 
មន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានប្រើពាក្យសម្តីមកលើជនសង្ស័យដោយបង្អាប់ថា ឯងដើរតែលេង និងមានស្រីថែមទៀត ធ្វើឲ្យជនសង្ស័យខឹងសម្បាយ៉ាងខ្លាំងទ្រាំមិនបានក៏ទាញកែវស្រាកំពុងផឹកមកគប់ជនរងគ្រោះត្រូវចំមុខបណ្តាលឲ្យរងរបួសធ្ងន់។ ករណីនេះ ជនរងគ្រោះមិនបានប្ដឹងផ្ដល់នោះទេ ឲ្យតែជនសង្ស័យព្យាបាលរបួស ប៉ុន្តែរឿងនេះមិនឲ្យចប់ទេ ត្រូវស្នើសុំគោលការណ៍ពីតុលាការត្រូវចាប់ ឬឃាត់ខ្លួន យើងមិនបញ្ចប់រឿងនឹងនៅនគរបាលយុត្តិធម៌នោះទេ។ 
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងមក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន msjtv ឱ្យដឹងថា «ករណីលោក ហួរ ណារិន ចៅសង្កាត់ នៃសង្កាត់រងរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលផឹកស៊ីស្រវឹងប្រើអំពើហិង្សាគប់កែវទៅលើអតីតមន្ត្រីចូលនិវត្តន៍ម្នាក់ បណ្តាលឲ្យបែកមុខដេរជាច្រើនថ្នេរ សមត្ថកិច្ចត្រូវអនុវត្តតាមផ្លូវច្បាប់ហើយមន្ត្រីជំនាញកំពុងធ្វើការងារនេះ»។ 
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាកថា «ទោះបីជាយ៉ាងណាក៏យើងអនុវត្តតាមច្បាប់ដែរ ហើយសមត្ថកិច្ចកជំនាញកំពុងតែធ្វើរឿងនេះហើយ»។

សូមរំឭកថា នៅវេលាម៉ោង ២០និង៣០នាទី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុចផ្ទះឈ្មោះ មើក ងឿន ក្រុម១ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជនរងគ្រោះមានឈ្មោះ ជ្រាង ណើប ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ព្នង ជាមន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវជនសង្ស័យមានឈ្មោះ ហួរ ណារិន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ចៅសង្កាត់រង នៃសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រើអំពើហិង្សាបានទាញកែវស្រាលើតុគប់សំដៅក្បាល អតីតមន្ត្រីចូលនិវត្តន៍បណ្តាលឲ្យរយៈមុខរងរបួសធ្ងន់ ដោយសារទំនាស់ពាក្យសម្តីគ្នា។ 
មហាជនទូទៅកំពុងរង់ចាំតាមដានមើល ចំណាត់ការរបស់តុលាការខេត្តមណ្ឌលគិរី ក្នុងការអនុវត្តច្បាប់ ទៅលើលោក ហួរ ណារិន ចៅសង្កាត់រង នៃសង្កាត់រមនាដោយរបៀបណា? ខណៈរូបលោក ជាអាណាព្យាបាលប្រជាពលរដ្ឋ បែរជាផឹកស៊ីស្រវឹងប្រើអំពើហិង្សាដ៏សាហាវព្រៃផ្សៃទៅវិញ៕