2024-03-05 08:03
57

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ហៅវត្តអូដ្ឋ ភូមិមិត្តារ៉ាច ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
    នៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងអំណរព្រះគុណនិងអរគុណ ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅថ្វាយប្រគេនចៅអធិការ វត្តធម្មរង្សីហៅវត្តទួលអូដ្ឋ លោកអាចារ្យគណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំ និងចូលរួមកសាងសមិទ្ធិផលទាំងនេះឡើង ។ ឯកឧត្តម បានថ្លែងថា ការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋក្រោមម្លប់នៃសុខសន្តិភាព គឺជាសក្ខីកម្មដ៏អស្ចារ្យ និងជាមោទនភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល។
   ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ការបង្កើតសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សី ហៅវត្តទួលអូដ្ឋ និងក្នុងមូលដ្ឋានឃុំអំពិលតាពក គឺជាកេរ្តិ៍ដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិសាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ប្រពៃណីសាសនាផងដែរ។ 
   ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តធម្មរង្សីទួលអូដ្ឋ ជាសមិទ្ធិផលចម្បងទី៥ហើយ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ គណបក្សប្រជាជណកម្ពុជាសម្រេចបានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា                  ភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភាជាតិនឹងបានកំពុងបន្ត និងពង្រឹងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ យ៉ាងសកម្ម និងពោរពេញដោយថាមពលក្រោមការដឹកនាំដ៏ឆ្នើមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលោកបានយកចិត្តទុកដាក់ជាសំខាន់ចំពោះសុខទុក្ខប្រជាជនកម្ពុជាគ្រប់រូប ក្នុងនោះសម្តេចបានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ ទី១មនុស្ស ទី២ផ្លូវ ទី៣ទឹក ទី៤ភ្លើង និងទី៥បច្ចេកវិទ្យា។