2023-07-03 06:07
202

(កណ្តាល)៖   លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល រួមដំណើរដោយ លោក ច័ន្ទ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ព្រមទាំងលោកស្រី រស់ ច័ន្ទផល្លី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រែកដាច់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយពលរដ្ឋ និងសមាជិក គណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រែកដាច់ ស្រុកលើកដែកអង្គពិធីសំណេះសំណាលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកក្កដានេះ មានការចូលរួមពីសហការី សមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ក្រុមការងារស្រ្តី យុវជនជុំវិញស្រុក សរុបមានចំនួនប្រមាណ ២០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែកដាច់។

ឆ្លៀតក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានណែនាំទៅសមាជិកបក្សទាំងអស់ក្នុងស្រុកលើកដែក ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

លោកស្រី និងសមាជិក សមាជិកគណបក្សក្នុងឃុំព្រែកដាច់ បានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕