2024-02-20 12:02
59

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល កាលពីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ សម្រាប់ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការចូលរួមកែលម្អនូវចំណុចខ្វះចន្លោះទាំងឡាយ ដោយមិនត្រូវមើលរំលង ក្នុងដំណើរការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួន ទាំងការផ្តល់សេវាថែទាំព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពជាពិសេស រួមទាំងការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព តាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំសុខភាពជាផ្ទាំងរូបភាព និងវីដេអូខ្លីៗ  ការខិតខំលើកកម្ពស់សុខភាព តាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំ គឺជាឱកាសមួយបន្ថែមទៀតដែលពិតជាចូលរួមផ្តល់ចំណេះដឹងផ្នែកសុខភាពជូនដល់បងប្អូនសាធារណជន ដើម្បី កាន់តែងាយស្រួលក្នុងការមើលថែខ្លួនដោយខ្លួនឯង ក៏ដូចជាការចូលរួមសម្រេចចិត្តជាមួយក្រុមគ្រូពេទ្យលើវិធីសាស្ត្រនានាក្នុងការ ការពារសុខភាពជាដើម ។

ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានស្នើពិនិត្យនិងរៀបចំផែនការឱ្យបានកាន់តែច្បាស់លាស់ និងសុក្រឹតបន្ថែមទៀត សម្រាប់ការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ដោយឈរលើគោលការណ៍ធានាឱ្យបានធនធានសម្ភារៈ ធនធានមនុស្សសមស្របទៅតាមតម្រូវការ និងកម្រិតសកម្មភាពនៃមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។

 បន្ថែមពីនោះត្រូវពង្រឹងនូវបញ្ញត្តិនៃទម្រង់ការងារ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងបន្តពង្រីកវិសាលភាពនៃវិស័យបណ្តុះបណ្តាលផ្នែកសុខាភិបាល តាមគ្រប់រូបភាព ពិសេសការផ្លាស់ប្តូរបទពិសោធន៍របស់យើងជាមួយប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិផងដែរ។

សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំខាងលើនេះរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន ។