2023-08-10 12:08
120


(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំលោកស្រី ជាអនុប្រធានកិត្តិយស ប្រធាន និងអនុប្រធាន សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាំយកអង្ករ ចំនួន៥តោន និងបច្ច័យមួយចំនួន ទុកសម្រាប់ចូលរួមផ្គត់ផ្គង់ ដល់សមណសិស្សកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងខេត្តពោធិ៍សាត់។
   ពិធីប្រគេនអង្ករ និងបច្ច័យខាងលើនេះ ត្រូវបានធ្វើឡើងនៅលើសាលាឆាន់វត្តពាលញែក ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងនៅលើសាលាឆាន់វត្តនទីមង្គល (វត្តកំពង់ក្រសាំង) ស្ថិតក្នុងភូមិក្រសាំងលើ ឃុំកណ្តៀង ស្រុកកណ្តៀង ដោយបានការនិមន្តចូលរួមពី ព្រះព្រហ្មភិរ័ត កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះនាយកពុទ្ធិកៈវិទ្យាល័យពាលញែក។
   លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា សាខាសមាគមនារីខេត្ត តែងតែយកចិត្តទុកដាក់ និងគិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងទីវត្តអារាម ជាក់ស្តែងនាថ្ងៃនេះ ដោយមើលឃើញពីការខ្វះខាតរបស់ព្រះសង្ឃ ដែលកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តនោះ ក៏បានឧបត្ថម្ភអង្ករ ចំនួន៥តោន ដោយក្នុងនោះ ពុទ្ធិកៈវិទ្យាល័យពាលញែក អង្ករ៣តោន និងពុទ្ធិកៈអនុវិទ្យាល័យព្រះសុវណ្ណត្ថេរ អ៊ុម អៀម វត្តនទីមង្គល អង្ករ២ ព្រមទាំងបច្ច័យមួយចំនួន។
   លោកស្រី បានជម្រាបជូនថា ជាការពិតណាស់ ការសិក្សារៀនសូត្រ របស់សមណៈសិស្សពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យ តែងតែជួបកង្វះខាត ទាំងថវិកា និងសម្ភារៈជាច្រើន ដូចនេះក្នុងនាមប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រីសូមអំពាវនាវដល់ពុទ្ធបរិស័ទទាំងក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស មេត្តាចូលរួមជួយឧបត្ថម្ភ និងទំនុកបម្រុងទៅតាមលទ្ធភាព ដល់សមណៈសិស្ស ដើម្បីឱ្យកុលបុត្រទាំងនោះ សិក្សារៀនសូត្របានខ្ពង់ខ្ពស់ ក្លាយជាពលរដ្ឋល្អក្នុងសង្គម។
   ព្រះព្រហ្មភិរ័ត កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះនាយកពុទ្ធិកៈវិទ្យាល័យពាលញែក បានចម្រើនពរដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមជាប្រតិភូទាំងអស់ ជាពិសេសញោមស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដែលបានគិតគូរ និងជួយឧបត្ថម្ភ ទំនុកបម្រុង ដល់សមណសិស្សពុទ្ធិកៈ ទាំងអនុ និងវិទ្យាល័យនៅក្នុងខេត្ត។ ព្រះពោធិវង្សាវិមលព្រះមេគណខេត្ត មានសង្ឃដិកាថា ខេត្តពោធិ៍សាត់មានពុទ្ធិកៈវិទ្យាល័យមួយកន្លែង នៅក្នុងវត្តពាលញែក មានសមណសិស្ស២៣០អង្គ និងគ្រូ១៩នាក់និងពុទ្ធិកៈអនុវិទ្យាល័យព្រះសុវណ្ណត្ថេរ អ៊ុម អៀម វត្តនទីមង្គល មានសមណសិស្ស១៩៩អង្គ និងគ្រូ៩នាក់។
   ព្រះមេគណខេត្តមានសង្ឃដិកាថា ការចួលរួមជួយឧបត្ថម្ភអង្ករ និងបច្ច័យ ដល់សមណសិស្ស ជាកូនចៅរបស់ប្រជាពលរដ្ឋ ដែលកំពុងសិក្សារៀនសូត្រនាពេលនេះ ពិតជាបានរួមចំណែកបំពេញបុណ្យកុសលយ៉ាងធំធេង លើវិស័យព្រះពុទ្ធសាសនា ក្រោមម្លប់សន្តិភាព និងភាពរុងរឿង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
   សូមជម្រាបជូនថា នាព្រឹកថ្ងៃដដែល ប្រតិភូក៏បានបន្តដំណើរទៅវត្តទេពសន្យា (វត្តស្យា) ស្ថិតក្នុងភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីប្រគេនបច្ច័យជួយទ្រទ្រង់ចង្ហាន់ និងបច្ច័យបួន ប្រគេនព្រះសង្ឃ ព្រមទាំងចែកថវិកាជូនដល់យាយជីតាជី និងសិស្សានុសិស្សនាឱកាសនោះផងដែរ៕