2024-03-03 03:03
57

(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅវត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។
   នាឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន នាំមកនូវការសាក សួរសុខទុក្ខនឹករឮកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរ ចំពោះសុខទុក្ខ និងសុវត្ថិភាពទូទៅរបស់ប្រជាជន ព្រមទាំងខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ។
   នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះទ័យផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ព្រះអង្គព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលផ្តល់នូវការជឿជាក់ ដោយបានបរិច្ចាគធនធាន និងថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីរួមសាមគ្គីក្នុងការ កសាងសមិទ្ធផលនានា សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរក្នុងវិស័យព្រះពុទ្ធសាសនា។ ការកសាងសមិទ្ធផលនានាក្នុងវត្តអង្គជុំនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់ភិក្ខុ សាមណេរ ប្រើប្រាស់ស្របតាមពុទ្ធានុញ្ញាតក្នុងការបំពេញសង្ឃកម្ម រួមចំណែកថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្ស។
   នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន បានបន្តថា មនុញ្ញផល នៃសន្តិភាពក្នុងរយៈពេល២៦ឆ្នាំកន្លងទៅនេះ បានធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាតិធំៗជាច្រើន ក្នុងប្រវត្តិសាស្ត្រ និងរក្សាបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
   ក្នុងន័យនេះ នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយការពារឱ្យបានរឹងមាំនូវសន្តិភាព ការពារសមិទ្ធផល ជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពី សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា។ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
   នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងរួមគ្នាប្រឆាំងដាច់ខាតចំពោះ ក្រុមជ្រុលនិយមឬជនក្បត់ជាតិ ដែលមានបំណងបំផ្លាញសន្តិភាពជាតិ។ ដូច្នេះ ទោះតាមរូបភាពណាក៏ដោយ ស្រមោលអតីតកាល មិនអាចមកលងប្រជាជនកម្ពុជាជាថ្មីម្តងទៀតបានឡើយ។ ជម្រើសកម្ពុជា គឺជម្រើសសន្តិភាពនិងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ដែលមិនបំផ្លាញសន្តិភាព ដើម្បីជាតិមានជីវិត និងដើរទៅមុខជានិច្ច»។
      គួរបញ្ជាក់អំពីសមិទ្ធផលទាំងនោះមានដងទង់មុខព្រះវិហារ១គូ កុដិថ្មីមួយខ្នង មានបណ្តោយ ៣០ម៉ែត្រ, ទទឹង៦ម៉ែត្រ សាលាទទួលភ្ញៀវមួយខ្នង មានបណ្តោយ ២០.២ម៉ែត្រ, ទទឹង ៦.១ម៉ែត្រ និងព្រះវិហារថ្មី មានទំហំ ទទឹង ១២.៣ម៉ែត្រ, បណ្តោយ ២២.២ម៉ែត្រ, និងកំពស់៣០ម៉ែត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតបានរួចរាល់ជាស្ថាពរ ដោយសរុបថវិកាចំនួន ៥៨៤,៦០០ដុល្លារ៕