2023-09-29 03:09
262

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីយកសំណាញ់ទៅបង់ត្រី នៅមុខទឹកហូរ ទាក់ជើងនឹងក្រឡាសំណាញ់ធ្លាក់ទឹកកួចហូររយៈពេលជាងកន្លះម៉ោងទើបរកសពឃើញនៅម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅបនប្រាប់ថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ វង្ស រុន ភេទប្រុស អាយុ៦១ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។
លោកបានបញ្ជាក់ថា៖ នៅពេលជំនន់ទឹកភ្លៀងនៅមុខស្ពានទំនប់ដាច់មានទឹកហូរកួចប្រជាពលរដ្ឋបាននាំគ្នាទៅនេសាទបែបបុរាណ្យដោយនាំគ្នីគ្នាទៅបង់សំណាញ់ នៅមុខស្ពានផ្នែកខាងក្រោមទឹកហូរមានមិនតិចជាង២០ទៅ៣០នាក់ហើយមានបុរសចំណាស់ឈ្មោះ វង្ស រុន បានបង់ទាក់ក្រឡាសំណាញ់ជាប់ជើងធ្លាក់ទឹកចូលចំមុខទឹកកួចបាត់នៅម៉ោង១៦និង៣០នាទីល្ងាច អ្នកទៅបង់ជាមួយ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍នាំគ្នាច្រមុជទឹករកឃើញសំណាញ់នៅក្បែរកន្លែងធ្លាក់រហូតម៉ោង១៧និង១៥នាទីល្ងាចបានរកឃើញនៅមិនឆ្ងាយពីកន្លែងធ្លាក់ប្រមាណជិត៥០ម៉ែត្រកណ្តាលវាលស្រែ។

លោកវរសេនីយ៍ឯក អ៊ឹម ភារៈ បានបញ្ជាក់ថា៖ សពបានអណ្តែតទៅនៅកណ្តាលវាលស្រែក្រោយរកឃើញហើយបានប្រគល់ជូនសាច់ញាតិដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានជំនន់ទឹកភ្លៀងត្រូវប្រុងប្រយ័ត្នចំពោះកូនចៅនិងបង់សំណាញ់ការពារកុំអោយមានគ្រោះថ្នាក់កើតឡើងដូចករណីខាងលើ៕