2023-10-23 04:10
319

(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានសហការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងសប្បុរសធម៌ ជាមួយអង្គការផ្កាយសមុទ្រ Indochina Starfish Foundation (ISF) និងឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ១០,០០០ដុល្លារ ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការងារសង្គម និងស្វែងរកជំនួយសប្បុរសធម៌ យកទៅផ្គត់ផ្គង់ជីវភាពខ្វះខាត និងរួមចំណែកគាំទ្រ ដល់ការសិក្សារបស់សិស្សានុសិស្សក្រីក្រជាង ៧០០នាក់ របស់អង្គការផ្កាយសមុទ្រ។ព្រឹត្តិការណ៍នេះមានអ្នកចូលរួមរត់ប្រមាណជាង ១,២០០នាក់ មកជួបជុំគ្នារត់ដើម្បីសុខភាព ភាពសប្បាយរីករាយ កសាងទំនាក់ទំនងជាមួយគ្នា និងជាពិសេសគឺបង្ហាញពីស្មារតីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ដែលការរត់នេះគឺចាប់ផ្ដើមជាមួយនឹងចម្ងាយពី ៣គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្ដាផ្លាទីនីម (បឹងស្នោ) ទទួលលបានដៃគូសហការរៀបចំព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសគឺព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងក្នុងន័យសប្បុរសធម៌ និងការលើកកម្ពស់ការរត់ដើម្បីសុខភាព។ល។ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងត្រៀមរៀបចំពិធីសម្ពោធផ្លូវជិះកង់ និងរត់ប្រណាំងស្ដង់ដាក្នុងគម្រោងអភិវឌ្ឍលំនៅឋានរបស់ខ្លួនដំបូងគេ ក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើធំៗ រាប់ពាន់ដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលា ជាពិសេសគឺមានផ្លូវជិះកង់និងរត់ប្រណាំងស្ដង់ដាដំបូងគេក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះ គឺជាទិសដៅទេសចរណ៍ទាក់ទាញសាធារណជនទាំងខ្មែរ និងបរទេសមកលេងកម្សាន្តរាប់ពាន់នាក់៕