2024-02-06 02:02
67

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំសាធារណជនទាំងអស់ ក្នុងរាជធានីភ្នំពេញដោយហាមដាច់ខាតមិនឱ្យមានការដុតផាវ, កាំជ្រួច, ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទជាដាច់ខាត ។

ជាមួយគ្នានោះ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា, មន្ទីរអង្គភាព, រោងចក្រ, សហគ្រាស, គេហដ្ឋាន, ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប, ក្រដាសសែន, ភ្លើងចង្ក្រាន, ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ។ ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ស្នងការដ្ឋាននគរបាលរាជធានី ក៏បានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំ ឱ្យមានការនាំចូលផាវ, កាំជ្រួច, ជាតិផ្ទុះគ្រប់ប្រភេទ, តាមច្រកចូលរាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ។ ខណៈដែលអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាព ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ ចំពោះជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហាញលេខទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង/២៤ម៉ោង របស់ក្រុមប្រចាំបញ្ជា នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ០១២ ៩៩៩ ៩៩៩ និងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ៦៦៦, និងលេខ ០៩៧ ៧៣៣ ៣៣ ៥៥ ៕