2024-03-23 01:03
31

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា- ខណ្ឌ សម្រាប់អាណត្តិទី៤ ហៅកាត់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកល ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង មុខតំណែងជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា២ប្រភេទ គឺក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការបោះឆ្នោតនេះមានភាពខុសប្លែកពីការបោះឆ្នោតផ្សេងទៀតដែលរៀបចំដោយ គ.ជ.ប ព្រោះអ្នកបោះឆ្នោតម្នាក់ៗត្រូវបោះឆ្នោតពីរសន្លឹក ដោយមានហិបឆ្នោតចំនួនពីរ ដើម្បីជ្រើសរើសក្រុមប្រឹក្សា តាមប្រភេទនីមួយៗ៖
– សន្លឹកឆ្នោតទី១ មានពណ៌ផ្ទៃមេឃប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ 
– សន្លឹកឆ្នោតទី២ មានពណ៌សប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត សម្រាប់ ដាក់ក្នុងហិបឆ្នោតមួយផ្សេងទៀត។
* ចំនួនមណ្ឌលបោះឆ្នោត និងសមាជិកក្រុមប្រឹក្សា សម្រាប់អាណត្តិទី៤ នេះ មានដូចខាងក្រោម ៖ 
– មណ្ឌលរាជធានី ខេត្ត ទូទាំងប្រទេសសរុបចំនួន ២៥ មានសមាជិកក្រុមប្រឹក្សាសរុបចំនួន ៥៥៩
– មណ្ឌលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសសរុបចំនួន ២០៩ មានសមាជិកក្រុមប្រឹក្សាសរុបចំនួន ៣.៦៤១។
* ចំនួនអ្នកបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត មានដូចខាងក្រោម៖
– អ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង មានចំនួនសរុប ១១.៦២២ នាក់ 
– ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានចំនួនសរុប ២០៩ ដែលមានទីតាំងនៅទីប្រជុំជនក្រុង ស្រុក ខណ្ឌ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមតាមដានដំណើរការ ឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ កុំបីអាក់ខាន៕