2024-02-08 06:02
75

ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងចូលមកដល់នៅថ្ងៃស្អែកនេះ យើងសង្កេតឃើញថា អាជីវករលក់គ្រឿងរណ្ដាប់សែន និងគ្រឿងលម្អតុបតែងផ្ទះសម្បែងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមហាក់កំពុងមមាញឹកខ្លាំងក្នុងការលក់ដូររបស់ពួកគេ។ដោយឡែកនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤  ផ្សារក្នុងក្រុងបានលុងខេត្តរតនគិរី មានប្រជាពលរដ្ឋទាំងស្រីប្រុស បាននាំគ្នាសម្រុកទៅទិញទំនិញនានា ដើម្បីត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ
២០២៤ នេះ។
   អ្នកស្រី លី ឡេង អាជីវករលក់ដូរគ្រឿង រណ្តាប់សែនចិន នៅក្នុងផ្សារក្រុងបានលុង បានគូសបញ្ជាក់ថា ការលក់ដូរគ្រឿងរណ្តាប់សែន និង គ្រឿងលម្អតុបតែងផ្ទះសម្បែងក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន នៅកន្លែងអ្នកស្រីនៅឆ្នាំនេះ ហាក់មាន ការធ្លាក់ចុះជាងឆ្នាំមុនបន្តិច ពោលគឺធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំមុន ដោយសារអ្នកទិញ មួយចំនួនបានកាត់បន្ថយការទិញ ត្បិតថាស្ថានភាព សេដ្ឋកិច្ចមិនសូវល្អប្រសើរ។  ដោយឡែកលោកស្រី ម៉េង ហាក់ អាជីវករលក់ផ្លែឈើនិងផ្កាភ្ញីក៏បានអោយដឹងផងដែរ ថា ការលក់ដូរនៅឆ្នាំនេះហាក់មានភាពល្អ ប្រសើរជាងឆ្នាំមុន បើទោះបីតម្លៃទំនិញនៅឆ្នាំនេះមាន ការកើនឡើងបន្តិចក្ដី។អាជីវកររូបនេះអះអាងថា មានជនជាតិចិន និងអ្នក ជាប់សែស្រឡាញចិន បានមកទិញផ្លែឈើ ផ្កាភ្ញីនិងគ្រឿងរណ្តាប់ និង គ្រឿងតុបតែងលម្អផ្ទះជា ហូរហែ។ កត្តានេះ ធ្វើឱ្យលោកស្រីរំពឹងថា ផ្លែនិងផ្កាភ្ញីរបស់ លោកស្រីនឹងអាចលក់អស់នៅរយៈពេលនេះ។
   អាជីវករលក់សាច់ក្នុងផ្សារក្រុងបានលុង បានឲ្យដឹងផងដែរថា សម្រាប់សាច់ជ្រូក មាន់ ទាប៉ុន្មានថ្ងៃនេះលក់ធម្មតា មិនជាលក់ដាច់ណាស់ណានោះទេ ប៉ុន្ដែសង្ឃឹមថា ប្រជាពលរដ្ឋនឹងអាចមកសម្រុកទិញនៅល្ងាចនេះ ដោយសារតែភាគច្រើនសាច់គេមិនសូវទិញទុកនោះទេ ទាល់តែជិតដល់ថ្ងៃបានមានអតិថិជនទិញ ហើយចំពោះតម្លៃវិញជារឿងធម្មតាទេ ជារៀងរាល់ឆ្នាំឲ្យតែបុណ្យចូលឆ្នាំចិន ឬបុណ្យទានផ្សេងៗឡើងថ្លៃបន្តិចបន្តួចអញ្ចឹងឯង។
   សូមជម្រាបថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិននៅឆ្នាំនេះ គឺមានការត្រៀមរៀបចំធ្វើឡើង យ៉ាងផុសផុល ដោយប្រជាពលរដ្ឋដែលមានដើម កំណើតចិន និងអ្នកជាប់ សែស្រឡាយចិនជាច្រើន កំពុងមមាញឹកក្នុងការដើរទិញគ្រឿងរណ្តាប់សែន និង គ្រឿងលម្អតុបតែងផ្ទះសម្បែងរបស់ពួកគេ ដើម្បីសែន ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលត្រូវធ្វើឡើង ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤៕