2023-09-30 01:09
209

បាត់ដំបង៖ ប៉ូលិសប្រឆាំងការជួញដូរគ្រឿងញៀនបានបញ្ជូនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ០៥នាក់ រួមនឹងវត្ថុតាងទៅកាន់តុលាការខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់។

ប៉ូលិសបានឲ្យដឹងថា មុខសញ្ញាទាំង ០៥នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨នឹង៤៥នាទី នៅចំណុច ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប៉ូលិសបន្ថែមថា ដំបូងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ រួមមាន៖ ១- ឈ្មោះ នេ ណុយ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២- ឈ្មោះ ធឿន វិច្ឆិកា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៣- ឈ្មោះ រ៉ន វីរៈ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់ ៥៥,៧១ក្រាម, ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៤៥៩គ្រាប់ ទម្ងន់ ៤៦,៩៧ក្រាម និងកំទេចថ្នាំញៀន ចំនួន ០១ថង់ ទម្ងន់ ១,៦០ក្រាម, ថ្នាំញៀន ប្រភេទកេតាមីន (KETAMINE) ចំនួន ១២កញ្ចប់ ទម្ងន់ ៩៥,១៩ក្រាម, ថ្នាំគ្រាប់ចំនួន ០២គ្រាប់ ទម្ងន់ ០,៦០ក្រាម, ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1Y-1451, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ ០១គ្រឿង និងសម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកំលាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ឃាត់ខ្លួនបក្ខពួកជនសង្ស័យបាន ចំនួន ០២នាក់បន្ថែមទៀត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី នៅចំណុច ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ជនសង្ស័យមានឈ្មោះ ឈ្មោះ ឈឿន បុល ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ មុខ ដារ៉ុង ហៅឆ្លូញ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ចំពោះវត្ថុតាងចាប់យកបាន រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ៤០៩,៧៨ក្រាម   ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១,១២៩គ្រាប់ ទម្ងន់ ១១៣,៨៤ក្រាម   អាវុធខ្លី ០១ដើម ម៉ាក GLOCK  បង់ចំនួន ០១ ,គ្រាប់ចំនួន ០២គ្រាប់, រថយន្តចំនួន ០១គ្រឿង ម៉ាក CAMRY ពណ៌ខ្មៅ សេរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខ ភ្នំពេញ 2H-9624   ទូរសព្ទដៃ ចំនួន ០៣គ្រឿង  សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ 
ជនសង័្សយរួម និងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕