2024-01-10 10:01
70

ភ្នំពេញ៖ មនុស្សប្រុស-ស្រី ចំនួន ០២ក្រុមមានគ្នាប្រមាណ ១០នាក់ បានចូលផឹកស៊ីក្នុងហាងមួយកន្លែង យីហោ «ផ្ទះមេរិទ្ធ» រហូតដល់ស្រវឹងរៀងៗខ្លួនន ក៏កើតមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ដោយភាគីម្ខាងគំរាមដកកាំភ្លើងបាញ់សម្លាប់មកលើរូបគេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចុងក្រោយសម្របសម្រួលគ្នាទៅផ្ទះរៀងៗខ្លួន។

ករណីជម្លោះទាស់ទែងគ្នានៅហាងផឹកស៊ី «ផ្ទះមេរិទ្ធ» នេះ បានកើតឡើង នៅវេលាម៉ោង ០៨និង១០នាទីយប់ ថ្ងៃអង្គារ៍ ទី០៩ ខែមករា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ក្រោយកើតមានករណីខាងលើនេះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាសមាជិករដ្ឋសភា បានយករូចថតមួយសន្លឹកស្លាកភោជនីយដ្ឋាន និង ការ៉ាអូខេ យីហោ «ផ្ទះមេរិទ្ធ» បង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកអបដោយសំណេរថាៈ «អរគុណ Hear Chantha ដែលបានផ្ញើរូបមកអោយតែសូមបញ្ជាក់វិញថា មិនមែនហាងខ្ញុំទេ ហេតុនេះទទួលទានត្រូវគិតលុយ!»។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពលេកើតហេតុ ឃើញមានមនុស្សប្រុស-ស្រី ០២ក្រុមមានគ្នាសរុបប្រហែល ១០នាក់ ជិះរថយន្ត២-៣គ្រឿង ចូលមកផឹកស៊ីក្នុងហាង យីហោ «ផ្ទះមេរិទ្ធ» ដោយពួកគេអង្គុយតុក្បែរគ្នាផឹកស៊ីរហូតដល់ស្រវឹងភាគីទាំងពីរបានមានទំនាស់ពាក្យសម្ដីនឹងគ្នា ដោយបុរសម្នាក់ជាភាគីម្ខាងអះអាងថា ភាគីម្ខាងទៀត បានគំរាមដកកាំភ្លើងបាញ់មកលើខ្លួន ក៍មានការផ្អើលឆោឡោមុខហាង «ផ្ទះមេរិទ្ធ»   ទើបប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ដើម្បីជួយអន្តរាគន៍។

សាក្សីបន្តថា ក្រោយពេលទទួលព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាង និងកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ គួច សុភា អធិការរង ទទួលបន្ទុកផែនព្រហ្មទណ្ឌ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានឃាត់ភាគីទាំងសងខាងធ្វើការសួរនាំភ្លាមៗ។ ប្រភពបន្តថា ក្រោយធ្វើការសួរនាំរួចកម្លាំងសមត្ថកិច្ចបានសុំធ្វើការឆែកឆេររថយន្ត ម៉ាកឡិចស៊ីស RX-300 មួយគ្រឿង រកមើលវត្ថុតាង (កាំភ្លើង) ប៉ុន្តែរកមិនឃើញនោះទេ។

ចំណែកភាគីម្ខាងទៀត ដែលគំរាមថាដកកាំភ្លើងបាញ់លើបុរសភាគីគូទំនាស់ បានអះអាងថា «ខ្លួនគ្រាន់ថាតែមាត់ គឺមិនមានកាំភ្លើងអីទេ»។ 
បន្ទាប់មានការអន្តរាគន៍ពីសមត្ថកិច្ចសាកសួរភាគីទាំងពីរពួកគេបានអះអាងថា ធ្លាប់ស្គាល់គ្នា និងបានសម្របសម្រួលគ្នាបញ្ចប់រឿងរួចក៏បានជិះរថយន្តចេញពីកន្លែងកើតហេតុរៀងៗខ្លួនតែម្តង៕