2023-04-20 10:04
397

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ  សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេរសារយ៉ាងដូច្នេះថា "ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង ពលទាហានរាប់ពាន់នាក់នៅក្នុងកងទ័ព ថ្ងៃនេះដល់វេន្តត្រូវបំពាក់ខ្លួនឯង"។

នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក បានសរសេរបន្ថែមទៀតថា "ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ទូលព្រះបង្គំជាខ្ញុំ"។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ព្ររករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ និងទទួលបានការតែងតាំងជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១៨/៦៩៥ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ទទួលបានការតែងតាំងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។ 

ចុងក្រោយនេះ ទទួលបានការដំឡើងឋានន្តរស័ក្ដិជានាយឧត្តមសេនីយ៍ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤៥៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ៕