2024-03-05 01:03
55

ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ (ផ្លូវក្រវ៉ាត់ក្រុងទី៣) ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

បញ្ហាគ្រោះថ្នាក់ចរាចរ គឺប្រធានបទដ៏ក្តៅគគុកដែលប្រមុខដឹកនាំរដ្ឋាភិបាលកម្ពូជា បាននឹងកំពុងយកចិត្តទុកដាក់ក្នុងកាត់បន្ថយ និងទប់ស្កាត់ ជាពិសេស ក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគ្រប់រាធានី-ខេត្ត ដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរដែលកំពុងកើបឡើងមានគួរឲ្យបារម្ភ។ 

ជាក់ស្តែងរថយន្តកូរ៉េដឹកត្រីមួយគ្រឿង ប្រើប្រាស់ល្បឿនលឿន និងបំពានសញ្ញាចរាចរ (ភ្លើងស្តុបក្រហម) បានជ្រុលទៅបុករថយន្តសណ្ដោងទូរកុងតឺន័រពេញមូយទំហឹង បណ្ដាលឱ្យកៀបជាប់តៃកុងរងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះ ៧១១ ជួយគាស់ចេញហើយដឹកទៅសង្គ្រោះភ្លាមៗ។ 

ជនរងគ្រោះជាអ្នកបើកបររថយន្តកូរ៉េដឹកត្រីមានឈ្មោះ ណៃ តាំងហ៊ាន ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិត្បែងក ឃុំត្បែង ស្រុកស្វាយលើ ខេត្តកំពង់ធំ និងអ្នករួមដំណើរ ០២នាក់ទៀត បាមរងរបួសធ្ងន់។ ចំពោះរថយន្តកូរ៉េដឹកត្រីបង្កគ្រោះថ្នាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-3714។ 

តាមសេចក្តីការណ៍បានឲ្ដឹងថា រថយន្តសណ្ដោងទូរកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3G-3733 បានធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចរួចក៏បានបើកឆ្លងស្តុបខៀវ ស្រាប់តែរថយន្តដឹកត្រីមកពីទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនល្មើសភ្លើងស្តុបនពណ៌ក្រហម ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យរថយន្តរួញកាប៊ីនចូលគ្នាកៀបជាប់តៃកុងនៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាន់ ៧១១ ចុះមកជួយគាស់ និងយកជនរងគ្រោះចេញពីក្នុងរថយន្តដឹកទៅសង្គ្រោះ។ 
បើយោងតាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣ បានកើតឡើងចំនួន ៣ ៣១៧លើក បណ្តាលឱ្យស្លាប់ ចំនួន ១ ៥៩០នាក់ និងរបួសចំនួន ៤ ៥១៥នាក់ (របួសធ្ងន់ ២ ៧៦៦នាក់) ដោយគិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ០៩លើក បណ្តាលឱ្យស្លាប់ ចំនួន ០៤នាក់ និងរបួស ចំនួន ១២នាក់។ 

របាយការណ៍បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើបបានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនូន ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។ ចំពោះគ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន ១៦លើក ខេត្តកំពង់ស្ពឺ ០៦លើក ខេត្តកណ្តាល ០៤លើក ខេត្តកំពង់ឆ្នាំង ០៣លើក ខេត្តតាកែវ ០២លើក ខេត្តស្វាយរៀង ០១លើក បណ្តាលឱ្យស្លាប់ ០១នាក់ និងរបួស ចំនួន ៣៥០នាក់ (របួសធ្ងន់៨១នាក់)។ 

ចំពោះមូលហេតុដែលបង្កគ្រោះថ្នាក់ រួមមាន៖ បើកបរលើសល្បឿនកំណត់ ៤១%  មិនគោរពសិទ្ធិ ២២%  មិនប្រកាន់ស្តាំ ៩%  បត់ ៩%  ប្រជែងគ្រោះថ្នាក់ ៧% កត្តាយានយន្ត ៥% ស្រវឹង ៣% មិនគោរពរភ្លើងសញ្ញា ១%  សុខភាព/ងងុយ ១% និងកត្តាអាកាសធាតុ ១% បើប្រៀបធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់កើនចំនួន ៣៤១លើក ស្មើ១១% (៣.៣១៧/២.៩៧៦លើក)  អ្នកស្លាប់ថយចុះចំនួន ១១៩នាក់ ស្មើ៧% (១.៥៩០/១.៧០៩នាក់) និងអ្នករបួសកើនចំនួន ៤៨៩នាក់ ស្មើ១២% (៤.៥១៥/ ៤.០២៦នាក់)។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ ចំនួន ៨០% (១.២៧៩/១៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាព ចំនួន ៦៩% (៨៨៨/១២៧៩នាក់)៕