2024-03-15 03:03
42

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣បានចុះរៀបចំសណ្តាប់ធ្នាប់ តូប រោងដែលសាងសង់នៅលើផ្លូវសាធារណៈ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោយពីជូនដំណឹងច្រើនលើកច្រើនសារ បានទាំងយល់ព្រមពីម្ចាស់តូប នាពេលកន្លងមក ។

តាមអាជ្ញាធរសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្លូវបេតុងខាងលេី ត្រូវបានបងប្អូនអ្នកលក់ដូរ សាងសង់ជាតូប រោង រឹងមាំ ចាក់ទាំងបេតុងយកធ្វើជាកន្លែងលក់ដូរផ្ទាល់ខ្លួន ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កការកកស្ទះចរាចរណ៍ ពលរដ្ឋ អ្នកដំណើរឆ្លងកាត់ ។

អាជ្ញាធរបន្តទៀតថា កន្លងមកអាជ្ញាធរ ខណ្ឌ សង្កាត់ បានផ្សព្វផ្សាយ ជូនដំណឹង អំពីការរុះរើ សំណង់ឱ្យអស់ពីលើផ្លូវ ច្រើនលើកច្រើនសារ ហើយម្ចាស់តូបនីមួយៗក៏បានយល់ព្រម ឯកភាពតាមដែរ តែមកដល់ពេលនេះ គ្មានទេរុះរើ មានតែដាក់បន្ថែម ទើបអាជ្ញាធរ ដាក់កម្លាំងចុះទៅរុះរើតូប រោងទាំងនោះចេញ ហើយក៏មានម្ចាស់មួយចំនួន ស្នើសុំការអនុញ្ញាត ទុកឱ្យគាត់រើចេញដោយខ្លួនឯងផងដែរ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា តូប រោង ទីតាំងទាំងនោះ សង់លើផ្លូវសាធារណៈមែនពិត តែអ្នកលក់ដូរមួយចំនួន គាត់ទិញ ជួល តៗគ្នា ក្នុងតម្លៃរាប់ពាន់ដុល្លារ ឬជួលមួយកន្លែងរាប់រយដុល្លារ យកមកធ្វើជាទីតាំងលក់ដូរផ្ទាល់ខ្លួន ។ ពលរដ្ឋគាំទ្រនូវសកម្មភាព អាជ្ញាធរ ដែលបានរុះរើសំណង់ទាំងនោះចេញ គ្រាន់ទុកផ្លូវ សម្រួលនូវចរាចរណ៍ឡើងវិញ ៕