2023-07-24 01:07
334

ភ្នំពេញ​៖ ផ្ទះស្ត្រីជាគ្រូទាយម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងផ្នែកល្វែងលើជាក់ទី៣ នៅព្រឹកព្រលឹមស្រាង ប៉ុន្តែសំណាងគ្មានមនុស្សរងគ្រោះ និងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ករណីគ្រោះអគ្គិភ័យខាងលើ កើតឡើងនៅវេលាម៉ោង​ ០៤និង០០​នាទីទាបភ្លឺ  ថ្ងៃចន្ទ ៧កើតខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ​។ 

 នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ  ដួង រតនា ភេទ ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ គ្រូទាយស្នាក់ភូមិ-សង្កាត់ខាងលើ។ ចំពោះមូលហេតុបង្កឲ្យកើតមានអគ្គិភ័យមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ។ ប្រភពបន្តទៀតថា ផ្ទះរងគ្រោះ ជាប្រភេទសំណង់ថ្មបេតុង ទំហំ ០៤ម៉ែត្រX១៦ម៉ែត្រ​ ខូចខាតសម្ភារៈ ឆេះផ្ទះល្វែងជាន់ទី០៣ ចំនួន ០១ល្វែងលើ រួមទាំងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ 

 ក្រោយពេលកើតហេតុ កងកម្លាំង​បង្ការ​ពន្លត់​អគ្គីភ័យ​និង​សង្គ្រោះ​បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន ០៥​គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន ០៥​រថយន្ត​ ស្មើរនឹង ២០​ម៉ែត្រគូប ពន្លត់ចប់​នៅវេលាម៉ោង ០៥និង៣០​នាទី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានអគ្គិភ័យនេះផងដែរ៕