2024-02-27 07:02
72

ថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤  លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កោះកុងនាពេលនេះ។
   ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមសម្តែងនូវការនឹករលឹក និងសួរសុខទុក្ខដល់ មន្ត្រីអប់រំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ នៅគ្រឹះស្ថានសាធារណៈ និងឯកជន ក៏ដូចជាអង្គ ការដៃគូសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡា ក្នុងខេត្តទាំងអស់។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះ ចំពោះលោក លោកស្រីជា មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំជួយអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តកោះកុងយើងឲ្យមានការអភិវឌ្ឍនាពេលនេះ។
   យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាពេលអំបាញ់មិញ នេះ បញ្ជាក់ថា អង្គសន្និបាតបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តការងារអប់រំ យុវជន និងកីឡា ក្នុងរយៈពេលពេញមួយឆ្នាំសិក្សាកន្លងមក ធៀបនឹងផែនការប្រតិបត្តិប្រចាំឆ្នាំ ក៏ដូចជា ផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដើម្បីរកឲ្យឃើញពីចំណុចខ្លាំង ចំណុចខ្វះខាត ដំណោះស្រាយ សំណូមពរ និងទិសដៅសម្រាប់ឆ្នាំសិក្សាថ្មី លើគ្រប់អនុវិស័យ គ្រប់ជំនាញទាំងអស់ រួមនឹងអង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជនផងដែរ។ ការពិភាក្សាពេញអង្គក្នុងវេទិកានីមួយៗ លើប្រធានបទ របស់អនុវិស័យទាំង៦ ពិតជាបានរកឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត វិធានការ ដោះស្រាយ និងការលើកទិសដៅការងារសម្រាប់អនុវត្ត នៅឆ្នាំសិក្សាថ្មី២០២៣-២០២៤ ជាបន្តទៀត។ តាមរយៈលទ្ធផលនៃការពិភាក្សាលើប្រធានបទក្នុងវេទិកានីមួយៗ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមគាំទ្រ ចំពោះការសម្រេចចិត្តរបស់អង្គសន្និបាតនេះ។
   អង្គសន្និបាតទាំងមូលជាទីមេត្រី ! ការរៀបចំសន្និបាតបូកសរុប វាយតម្លៃការងារអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំនេះគឺ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនៅតែបន្តចាត់ទុក វិស័យអប់រំ ជាវិស័យអាទិភាព នៃការអភិវឌ្ឍប្រទេសជាតិ។ ផ្តើមចេញពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដោយបានដាក់ចេញនូវគោល នយោបាយអប់រំពីរគឺ គោលនយោបាយទី១៖ ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយ សមធម៌ បរិយាបន្ន និង លើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ការអភិវឌ្ឍវិស័យយុវជន និង កីឡា។ គោលនយោបាយទី២៖ ពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីធានាភាពស័ក្តិសិទ្ធិ នៃភាពជាអ្នក ដឹកនាំ គ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះផងដែរ ខ្ញុំបានដឹងថា នៅពេលថ្មីៗនេះក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីឆ្នាំ២០២៤នេះតទៅ លើ៣ អនុវិស័យគឺ អនុវិស័យអប់រំកុមាតូច អនុវិស័យបឋមសិក្សា និងអនុវិស័យមធ្យមសិក្សា។ យើង សង្ឃឹមថា ការធ្វើកំណែទម្រង់អប់រំ និងការដាក់ឲ្យអនុវត្តស្តង់ដា សាលារៀនគំរូ ពិតជាបានធ្វើឲ្យវិ ស័យអប់រំ កាន់តែមានការអភិវឌ្ឍយ៉ាងឆាប់រហស័ថែមទៀត។ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ តំណាងឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ លើវិស័យអប់រំ យុវជន និងកីឡា ដោយបានជំរុញឱ្យមានការចូលរួម គ្រប់សកម្មភាព របស់វិស័យអប់រំ ពីអង្គភាព ស្ថាប័ននានា រួមនឹងវិស័យឯកជនផងដែរ ដើម្បីឲ្យ ស្របតាមគោលនយោបាយអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ ។
   ដូចដែលយើងបានដឹងហើយថា វិស័យអប់រំមានមុខងារ និងភារកិច្ចដ៏សំខាន់ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស សម្រាប់អភិវឌ្ឍប្រទេសជាតិ ដែលចំណុចនេះចាប់ផ្តើមពី ការដោះស្រាយ សំណូមពរ នៃការសិក្សា ជូនដល់កូនចៅប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង ជាតិសាសន៍ ពណ៌ សម្បុរ ភេទ ពិការភាព ជីវភាព ជំនឿសាសនា និងនិន្នាកានយោបាយឡើយ ។
    បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកយកវិស័យអប់រំ ជាចំណុចអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បាននឹងកំពុងយកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការលើកស្ទួយវិស័យអប់រំ ឱ្យមានសន្ទុះរីកចម្រើនប្រកបដោយគុណភាព ដូចបណ្តាប្រទេសជឿនលឿនក្នុងតំបន់ និងលើសកលលោក។ ផ្តើមចេញពីនេះប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន សាស្ត្រាចារ្យ កម្មករ និងប្រជាពលរដ្ឋទូទៅ ដោយបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ជាពិសេស ការដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ។
    លើសពីនេះទៅទៀត នៅមានកម្មវិធីប្រឡងប្រណាំង ប្រកួតប្រជែងនានា ដើម្បីទទួលបានពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីក៏នៅតែបន្តរក្សារហូតដល់អាណត្តិថ្មីនេះដូចជា ការប្រកួតកីឡាប្រចាំឆ្នាំថ្នាក់ជាតិ និងព្រឹត្តិការណ៍ផ្សេងៗ ការប្រឡងប្រណាំងតែងនិពន្ធ ស្មូតកំណាព្យ ដើម្បីអបអរសាទរក្នុងទិវាគ្រូបង្រៀន ៥វិច្ឆិកា អបអរសាទរទិវាជាតិអំណាន១១ មីនា ជាដើម។ ជាមួយគ្នានេះផងដែរ ដើម្បីលើកទឹកចិត្ត ដល់ការបំពេញការងាររបស់លោកនាយក លោកគ្រូ អ្នកគ្រូ ក្នុងឆ្នាំសិក្សានីមួយៗ ក្រសួងក៏មានកម្មវិធីចុះវាយតម្លៃ ជ្រើសរើស គ្រូបង្រៀនល្អ នាយកល្អ សាលារៀនស្អាត ដើម្បីទទួលពានរង្វាន់ សម្តេចតេជោ នៅរាល់សន្និបាតថ្នាក់ជាតិ។ ដោយឡែកលោកនាយក លោកគ្រូ អ្នកគ្រូដែលទទួលបានជ័យលាភីថ្នាក់ខេត្ត តែងតែមានចែកជូននូវបណ្ណសរសើរ នៅក្នុងសន្និបាតនេះផងដែរ។ ការលើកស្ទួយវិស័យអប់រំ និងការលើកទឹកចិត្តមួយទៀត ដែលយើងមិនអាចបំភ្លេចបានគឺ ការផ្តល់រង្វាន់ដ៏ថ្លៃថ្លាពីថ្នាក់ដឹកនាំសម្រាប់សិស្សប្រឡងជាប់និទ្ទេសAក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ។ ដោយឡែកខេត្តកោះកុងក្នុងឆ្នាំសិក្សា២០២៣ មានសិស្សជាប់និទ្ទេសA ចំនួន ៣នាក់ ស្រី២នាក់ ដែលទទួលបានរង្វាន់ដ៏ថ្លៃថ្លា និងជាទីគាប់ចិត្តពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទទួលបានពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ហើយនៅថ្នាក់ជាតិ ទើបនឹងទទួលបានការអនុញ្ញាតចូលជួប សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសំណេះសំណាល និងទទួលរង្វាន់កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ នេះ។ សមិទ្ធផលទាំងអស់នេះឆ្លុះបញ្ចាំងឱ្យឃើញថា ជានិច្ចកាលរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះវិស័យអប់រំ យុវជន និងកីឡា ជាវិស័យអាទិភាព។
   អង្គសន្និបាតទាំងមូលជាទីមេត្រី ! តាមរយៈលទ្ធផលសន្និបាតអប់រំនាឱកាសនេះ ខ្ញុំសង្ឃឹមថា ការងារអប់រំ យុវជន និងកីឡា របស់ខេត្តកោះកុង នឹងមានដំណើរការល្អប្រកបដោយគុណភាព និងប្រសិទ្ធភាពថែមទៀតសម្រាប់ ឆ្នាំសិក្សា២០២៣-២០២៤នេះ។ ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមចូលរួមផ្ដល់នូវអនុសាសន៍មួយ ចំនួនចំពោះមន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធដូចខាងក្រោម៖
១-ត្រូវអនុវត្តយុទ្ធនាការប្រមូលកុមារដែលមានអាយុ ៣ឆ្នាំ ដល់ ៥ ឆ្នាំឱ្យចូលរៀននៅថ្នាក់ មត្តេយ្យ និងនៅថ្នាក់បឋមសិក្សា ឲ្យបានច្រើន ឆ្លើយតបទៅនឹងចំណុចដៅ នៃផែនការយុទ្ធសាស្ត្រ វិស័យអប់រំថ្នាក់ជាតិ។
២-ត្រូវចុះជួយនាយកសាលា និងគ្រូបង្រៀន តាមរយៈការងារពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីឱ្យពួកគាត់អាចអនុវត្តគោលការណ៍ សេចក្តីណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា បានត្រឹមត្រូវ និងទាន់ពេលវេលា ពិសេសសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូឲ្យបាន គ្រប់គ្រឹះស្ថានសិក្សា ធានាបាននូវគុណភាពអប់រំកាន់តែប្រសើរឡើង។
៣-អភិបាលក្រុង ស្រុក ត្រូវជម្រុញឲ្យការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុក និងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឲ្យបានជិតស្និទ្ធទំនាក់ ទំនងដោះស្រាយរាល់ បញ្ហានានានៅតាមសាលារៀន ការងារបច្ចេកទេសបង្រៀន និងរៀនឲ្យបាន ជាប្រចាំ ទោះបីពេលនេះរាជរដ្ឋាភិបាលបានផ្ទេរមុខងារវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបា លក្រុង ស្រុកក៏ដោយ ព្រោះការផ្ទេរមុខងារមុខងារគ្រប់គ្រងនេះ គឺជាកំណែទម្រង់ការងារដឹកនាំ គ្រប់គ្រង ដើម្បីឲ្យសេវាអប់រំកាន់តែខិតជិត និងងាយស្រួលដល់ប្រជាពលរដ្ឋ។
៤-កាត់បន្ថយឱ្យបានអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា ទាំងនៅបឋមសិក្សា និងនៅ មធ្យមសិក្សាបង្កើន អត្រាឆ្លងភូមិសិក្សា ពីបឋមសិក្សាទៅមធ្យមសិក្សាបឋមភូមិ ពិសេសបង្កើន លទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ធ្វើយ៉ាងណាឱ្យទទួលបាននិទ្ទេសA កាន់ តែច្រើនថែមទៀត)។
៥-ពង្រឹង និងពង្រីកសកម្មភាព ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងកាយរឹទ្ធិជាតិកម្ពុជា នៅតាមគ្រឹះស្ថានសិក្សាសម្រាប់ជួយដល់សាលារៀនចូលរួមជាមួយសកម្ម ភាពសង្គម និងធ្វើជាគំរូល្អដល់សិស្សានុសិស្សរៀនសូត្រតាម ចៀសផុតពីក្រុមក្មេងទំនើងក្រុម សេពគ្រឿងញៀន និងសកម្មភាពអវិជ្ជមានផ្សេងៗទៀត ។
៦-បង្កើនការអនុវត្តយុទ្ធសាស្រ្តសហគមន៍សាលារៀន ទាំងសាលារៀនគាំទ្រដោយគម្រោង កែលម្អសាលារៀនចំណេះទូទៅជីព (GEIP) និងសាលារៀនទូទៅ ឲ្យមានដំណើរការល្អប្រកប ដោយប្រសិទ្ធភាព។
ជាទីបញ្ចប់ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃអង្គសន្និ បាតអប់រំ យុវជន និងកីឡា ដែលបានរៀបចំឡើងនាពេលនេះ ហើយសង្ឃឹមថាឆ្នាំសិក្សា ២០២៣- ២០២៤ នេះយើងនឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ខេត្តកោះកុងឲ្យកាន់តែប្រសើរឡើង។ ខ្ញុំសូមប្រសិទ្ធិពរជ័យជូនចំពោះ ឯក ឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា គណៈអធិបតី លោក លោកស្រី ភ្ញៀវកិត្តិយស អង្គការដៃគូអភិវឌ្ឍ សមាជិក សមាជិកានៃអង្គសន្និបាតទាំងអស់សូមទទួលបាននូវ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការធ្វើដំណើរនិវត្តទៅកាន់មូលដ្ឋានវិញប្រកបដោយ សុខសុវត្ថិភាព។
   ខ្ញុំសូមប្រកាសបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ចាប់ពីពេលនេះតទៅ៕