2023-06-02 07:06
269


សៀមរាប៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខធិការក្រសួងបរិស្ថាន បានធ្វើយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តសៀមរាប ក្នុងគោលដៅបង្កើនការយល់ដឹងរបស់សាធារណជនទូទៅអំពីសារៈសំខាន់នៃសត្វព្រៃ ចំពោះប្រព័ន្ធអេកូឡូស៊ី និងភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។


យុទ្ធនាការ «អន្ទាក់សូន្យ» ត្រូវបានរៀបចំដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាមួយការសហការពីអង្គការដៃគូររួមមាន អង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)  អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies)  អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI) មូលនិធិម៉ាដក្សចូលីភីត (MJP)  អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិ    កម្ពុជា (Nature Life) អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC) និងក្រុមហ៊ុន  វីតាល់និងមីជាតិ (Vital and Mee Cheat) ដោយមានការសហការពីមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងថា សកម្មភាពទាំងនេះនឹងមិនអាចកើតឡើងនោះទេ ប្រសិនបើមិនមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ ដូចជារដ្ឋបាលថ្នាក់ខេត្តទាំងអស់ អង្គការដៃគូ និងអ្នកចូលរួមគ្រប់ខេត្តទាំងអស់ដែលយើងបានអនុវត្តយុទ្ធនាការ។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់សកម្មភាពមិនមាននិរន្តរភាពទាំងឡាយ ដើម្បីការពារធម្មជាតិ ទើបធម្មជាតិអាចបន្តធ្វើជាសម្ព័ន្ធមិត្តរបស់យើងទាំងអស់គ្នាក្នុងរយៈពេលខាងមុខទៀត។ យុទ្ធនាការនេះបានផ្តោតសំខាន់ទៅលើផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃដែលបង្កអន្តរាយមិនត្រឹមតែប៉ះពាល់ដល់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សុខភាពសាធារណៈតាមរយៈការបរិភោគសាច់សត្វព្រៃផងដែរជាមួយនឹងការធ្វើយុទ្ធនាការអន្ទាក់សូន្យក្នុងទីតាំងគោលដៅទី១០ គឺខេត្តសៀមរាម។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា «យើងទាំងអស់គ្នាត្រូវដឹងថា មនុស្សពឹងផ្អែកលើធម្មជាតិច្រើនជាងធម្មជាតិពឹងផ្អែកលើយើង។ ដូចនេះ យើងត្រូវរួមគ្នាបញ្ចប់សកម្មភាពទាំងអស់ដែលមិនមាននិរន្តរភាពទៅលើធម្មជាតិ ហើយចូលរួមផ្សព្វផ្សាយអំពីជម្រើសជីវភាព ភាពដល់សហគមន៍មូលដ្ឋានរស់នៅអាស្រ័យផលលើការប្រមូលផលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីសម្រាប់សាច់ និងការជួញដូរ  អំពីគម្រោងកសិកម្មប្រកបដោយនិរន្តរភាព កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិផ្សេងៗ»។
លោករដ្ឋលេខាធិការបានបន្ថែមទៀតថា «គ្រប់សារពាង្គកាយមានជីវិតទាំងអស់មានតួរនាទីខុសៗគ្នាផ្ទាល់ខ្លួននៅក្នុងធម្មជាតិ ហើយការដែលបាត់បង់វត្តមានរបស់អ្វីមួយនៅក្នុងធម្មជាតិ មនុស្សគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ។ រួមគ្នាបញ្ចប់វិបត្តិអន្ទាក់ បញ្ឈប់ការជួញដូរ និងបរិភោគសាច់និងផលិតផលពីសត្វព្រៃ ដើម្បីផ្សះផ្សារទំនាក់ទំនងរបស់យើងទាំងអស់គ្នាជាមួយធម្មជាតិ ដើម្បីផលប្រយោជន៍រយៈពេលយូរសម្រាប់ប្រទេសរបស់យើង»។
កញ្ញា  Christel Griffioen នាយិកា ACCB បានលើកឡើងថា «តំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលសម្បូណ៍ជីវៈចម្រុះច្រើនជាងគេបំផុតនៅលើផែនដីហើយក្រុមអ្នកវិទ្យាសាស្ត្របន្តរកឃើញប្រភេទសត្វដែលថ្មីសម្រាប់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ថ្មីៗនេះសត្វល្មូនប្រភេទថ្មី ចំនួន ២ ប្រភេទ ត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែន ក្នុងខេត្តសៀមរាប។ អន្ទាក់ជាឃាតុករលាក់មុខ ហើយអន្ទាក់គំរាមកំហែងដល់ប្រភេទសត្វជាច្រើន រួមទាំងប្រភេទទាំងនោះដែលយើងមិនទាន់រកឃើញនៅឡើយ។ អន្ទាក់ត្រូវបានគេគិតថាជាឧបករណ៍ប្រមាញ់សត្វដ៏ឃោរឃៅបំផុតព្រោះជួនកាលសត្វជាប់នឹងអន្ទាក់អាចរងទុក្ខជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ មុនពេលស្លាប់ដោយសាររបួស អត់ទឹក ឬអត់ចំណី»។ 


លោក សេង ទៀក នាយកអង្គការ WWFកម្ពុជា បានមានប្រសាសន៍ថា «ជាមួយនឹងកត្តិនាមដ៏ល្បីល្បាញ  លើពិភពលោកអំពីបុរាណស្ថាននានា ខេត្តសៀមរាប ក៏ជាខេត្តមួយដែលមានជីវៈចម្រុះសំបូរបែបផងដែរ ហើយមួយផ្នែកធំនៅមិនទាន់បានរកឃើញនៅឡើយទេ។ របាយការណ៍មួយដោយអង្គការ WWF ថ្នាក់តំបន់ បានបញ្ជាក់ពីការរកឃើញ ប្រភេទរុក្ខជាតិ និងសត្វថ្មីក្នុងខេត្តសៀមរាបផ្ទាល់ដោយអ្នកវិទ្យាសាស្រ្ត។ យើងជឿជាក់ថា នឹងមានការរកឃើញថ្មីៗបន្តបន្ទាប់ទៀត នៅក្នុងព្រៃ ទឹកសាប និងសមុទ្ររបស់កម្ពុជា។» 
លោកបានបន្តទៀតថា៖ «ធនធានសត្វព្រៃគឺជាមោទនភាព និងជាកំណប់ទ្រព្យដ៏មានតម្លៃរបស់យើងទាំងអស់គ្នា។ ដូចនេះ យើងត្រូវការពារធនធានដ៏កំរនេះពីការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរខុសច្បាប់គ្រប់ទម្រង់ឲ្យបាន។»លោក John Willis នាយកប្រចាំប្រទេស នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា «អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់អាចនឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លីសម្រាប់ខ្លួនគាត់។ ប៉ុន្តែចំពោះអ្នកដទៃទៀតនៅក្នុងសហគមន៍គឺទទួលរងនូវការបាត់បង់។ អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូលដែលទទួលបានតាមរយៈការលក់ឥណទានកាបូនដែលជាការរួមចំនែកមួយសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ អន្ទាក់ប្រៀបដូចជាមីនដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយពីព្រោះអន្ទាក់សម្លាប់មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។ យើងរួមគ្នាការពារធនធានជីវ:ចម្រុះដ៏អស្ចារ្យ ការបង្កើនជីវភាពសហគមន៍ នឹងសុខភាពសាធារណះតាមរយ:កាលើកស្ទួយ កាផ្លាស់ប្ដូឥរិយាបថជាវិជ្ជមានក្នុងគោលដៅឆ្ពោះទៅរក «អន្ទាក់សូន្យ» នាពេលអនាគត។
សូមបញ្ជាក់ថា ចំពោះព្រឹត្តិការណ៍យុទ្ធនាការ «អន្ទាក់សូន្យ» តាមខេត្តដែលនឹងប្រព្រឹត្តទៅបន្តទៀតនៅពេលក្រោយ នៅចុងខែនេះ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន បន្ទាប់មកនឹងមានការបិទបញ្ចប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២ នៅរាជធានីភ្នំពេញនាចុងខែកក្កដា ឆ្នាំ២០២៣។