2023-07-14 01:07
251

ភ្នំពេញ៖ ប្រធានសន្តិសុខឯកជន 7 STAR ត្រូវកង់រថយន្តកុងតឺន័យដាច់ឡាបរបូតកង់រត់បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពង់ជិះម៉ូតូតាមដងផ្លូវសុខៗលើផ្លូវជាតិលេខ៤។ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថិតតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចស្ពានអាកាសជំពូវ័ន្ត ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាន បានឱ្យដឹងថា មានរថយន្តកុងតឺន័រ ០១គ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-8724 និងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4B-2109 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរចេញតាមផ្លូវ ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជើងឡើងផ្លូវជាតិលេខ៤ រួចបត់ឆ្វេងតាមក្រោមស្ពានអាកាសផ្លូវជាតិលេខ៤ ឆ្ពោះទៅទិសខាងលិចបានដាច់កង់របូតកង់រ៉ឺម៉កខាងក្រោយ ០២គ្រាប់ រមៀលបោលទៅបុកម៉ូតូ ម៉ាក ហុងដាឃ្លីក ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JI-7649  ដែលជិះដោយបុរសជាប្រធានសន្តិសុខម្នាក់របួសធ្ងន់ និងម៉ូតូនេះបានរងការខូចខាតស្ទើទាំងស្រុង។ ប្រភពបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ កៅ សំអាន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ជាប្រធានសន្តិសុខ 7 STAR  មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបានធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ចុះក្រោមស្ពានអាកាសជំពូវ័ន្តបន្តដំណើរទៅទិសខាងលិចស្រាប់តែដាច់កង់រឺម៉ក ០២គ្រាប់រមៀលទៅបុកជនរងគ្រោះពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ប៉ុន្តែតៃកុងរថយន្តមិនដឹងចេះតែបន្តដំណើរទៅមុខទៀត ទើបប្រជាពលរដ្ឋដេញតាមប្រាប់ទើបដឹងហើយគាត់បានបើករថយន្តបត់ត្រលប់ក្រោយទៅកាន់កន្លែងកើតហេតុវិញ។ បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យ នាំយកម៉ូតូ និងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕