2024-03-17 05:03
41

ភ្នំពេញៈ រថយន្តលុចស៊ីស៤៧០ មួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេកបានបើករេចង្កូតធ្លាក់ចូលច្រាំងទន្លេ បណ្តាលឲ្យអ្នកបើកបររួមនិងអ្នករួមដំណើរនៅលើរថយន្ត               ៦នាក់ រងបួសធ្ងន់២នាក់ និងស្រាល៤នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅគល់ស្ពានកោះនរាត្រើយខាងកើត សង្កាត់កោះនរា ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។
    តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ        រថយន្តមួយគ្រឿងម៉ាកលុចស៊ី៤៧០ពណ៌ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ2M-5906 ដែលនៅក្នុងរថយន្តមានគ្នា៦នាក់  ជាមន្ត្រីនគរបាលនាយដ្ឋានអង្គរក្ស បាននាំគ្នាក្រោកតាំងពីងងិតចេញពីខេត្តស្វាយរៀងឆ្ពោះមកទីក្រុងភ្នំពេញ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។លុះដល់ចំនុចកើតហេតុសង្ស័យអ្នកបើកបរ ងងុយដេកមួយភាំងក៏បានរេចង្កូតឡើងលើឃឿនថ្មស្ពានកោះនរា បុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បាក់អស់មួយដើមរួច បន្តទៅបុករបាំងថ្មស្ពានច្រាំងទន្លេគៀបជាប់ទៅមុខលែងរួច បណ្តាលឲ្យរងរបួសធ្ងន់២នាក់  ស្រាល៦នាក់ ត្រូវបានគេជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើការសង្រ្គោះភ្លាមៗផងដែរ។
   បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងស្ទួចយករថយន្តខាងលើនេះ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។