2024-03-11 01:03
56

កំពង់ឆាំ្នង :  ថ្ងៃសៅរ៍ ១៤ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលា បានរៀបចំពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមជាអធិបតី លោកស្រីវរសេនីយ៍ឯក ទេព សុមនា នាយសេនាធិការរង យោធភូមិភាគពិសេស ប្រធានយេនឌ័រ  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការយោធ ភូមិភាគពិសេស។ 

ជាកិច្ចចាប់ផ្តើមលោកស្រីអនុសេនីយ៍ឯក ស៊ឹម សុីណេត នាយលេខាធិការដ្ឋានសាលាបានអានសន្ទរកថាស្វាគមន៍ និងរបាយការណ៍អំពីសកម្មភាពយោធិននារី ក្នុងឆ្នាំ២០២៣ កន្លងមក មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះលោកស្រីវរសេនីយ៍ឯក ទេព សុមនា នាយសេនាធិការរង យោធភូមិភាគពិសេស ទទួលយេនឌ័រ បានរំលឹកអំពីការលើកឡើងនៃថ្ងៃទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថា នៅថ្ងៃទី៨មីនា ឆ្នាំ១៨៩៩ កម្មការីផ្នែកកាត់ដេរនៅទីក្រុងស៊ីកាហ្គូរ និងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ត្រូវបានថៅកែជិះជាន់កម្លាំងពលកម្មហួសប្រមាណចន្លោះពី១២ម៉ោងទៅ១៦ម៉ោងក្នុងមួយថ្ងៃ ដោយទទួលបានថ្លៃឈ្នួលទាប បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូ ដើម្បីទាមទារបន្ថយម៉ោងធ្វើការ និងតំឡើងប្រាក់បៀវត្ស និងទៀមទារសិទ្ធិសេរីភាពសម្រាប់នារី លោកស្រីមានប្រសាសន៍បន្តទៀតថា ប្រទេសជាច្រើននៅលើសកលលោកបច្ចុប្បន្ននេះមានប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាស្ត្រី ដោយឡែកនៅប្រទេសកម្ពុជាយើងក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អភិបាល អភិបាលរង រាជធានី/ខេត្ត មេឃុំ ថៅសង្កាត់ ជាស្រ្តីផងដែរ។

នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាស្ត្រីជាមាតាពិភពលោកមានសមត្ថភាពមិនចាញ់បុរស មិនដូចពាក្យបុរាណពោលថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ» នោះទេ។ 
ចុងក្រោយលោកស្រីបានថ្លែងនៅការកោតសរសើរចំពោះក្រុមការងារយេនឌ័រ និងយោធិននារី របស់អង្គភាពសាលាដែលបានរួមចំណែកក្នុងការងារដល់សង្គមជាតិ ជួយដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាតបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលា បានឡើងថ្លែងអំណរគុណដល់លោកឧកញ៉ា បណ្ឌិត ទៀង ថៃ និងលោកជំទាវ បណ្ឌិត វណ្ណ លុយ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ដែរតែងតែយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះការបំពេញភារកិច្ចរបស់យោធិននារី ឯកឧត្តម ជំនួសមុខឱ្យយោធិននារី សូមប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។   

ចុងបញ្ចប់លោកឧកញ៉ា បណ្ឌិត ទៀង ថៃ និងលោកជំទាវ បណ្ឌិត វណ្ណ លុយ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បាននាំមកនូវសម្ភារៈសម្រាប់ឧបត្ថម្ភដល់យោធិននារី និងគ្រួសារយោធិន សរុបចំនួន ១៣០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា ០១, អាវយឺតដៃវែង ០១, ត្រីខកំប៉ុង, មីកញ្ចប់, មីកំប៉ុង ០១កេសធំ ទឹកបរិសុទ្ធ ៣០កេះ ដែលជាអំណោយរបស់លោកឧកញ៉ា បណ្ឌិត ទៀង ថៃ និងលោកជំទាវ បណ្ឌិត វណ្ណ, លុយទឹកដោះគោកំប៉ុង ថវិកាចំនួន ១០.០០០រៀល ។

យោធិននារីម្នាក់ៗទទួលបានថវិកា ៥០,០០០រៀលបន្ថែម អាហារពេលព្រឹករួមគ្នា (កាហ្វេ និងនំបុ័ងសាំងវិច) និងថវិកាបន្ថែមដល់គ្រួសារយោធិនពិការ ០១នាក់ នូវថវិកាចំនួន ២០០,០០០រៀល និងរទេះជនពិការ ០១ គ្រឿង ។