2024-01-16 06:01
71

(កែប) ៖  នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារាជធានី-ខេត្ត បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិលើកទី៥ និងគណៈកម្មាធិការប្រតិបត្តិជាតិ ដើម្បីបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
    កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពបិទអង្គប្រជុំដោយ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប  និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូពេញសិទ្ធ ក្រុមប្រឹក្សាជាតិ ថ្នាក់ដឹកនាំសមាគមជាតិ តំណាងព្រឹទ្ធសភា តំណាងក្រសួងមហាផ្ទៃ តំណាង លេខធិការដ្ឋា គ.ជ.អ.ប និងអ្នកពាក់ព័ន្ធមកពី២៥រាជធានីខេត្ត សរុប១៤៣ រូប ។
    ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានធ្វើរបាយការណ៍ស្វាគមន៍ក្នុងកិច្ចប្រជុំសមាគមក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ លើកទី៥ អាណត្តិទី២ដោយលើកឡើងថា៖ ផ្តើមចេញពីកត្តាសន្តិភាព ស្ថានភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចប្រមុខដឹកនាំ និងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធផងនោះ ខេត្តកែបបានកំពុងអភិវឌ្ឍជាហូហែនៅសមិទ្ធផលជាច្រើន រួមទាំងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ប្រវែង ២,៧០០ម៉ែត្រ ផ្លូវក្រវាត់ភ្នំឧទ្យានជាតិប្រវែងជាង ៦ពាន់ម៉ែត្រ ផ្លូវស្របមាត់សមុទ្រឆ្ពោះទៅឆ្នេរអង្កោលប្រវែងជិត ១២គីឡូម៉ែត្រ ក្រៅពីនេះ ខេត្តកែបកំពុងស្ថាបនាកំពង់ផែថ្មីនៅតំបន់សេះស ដោយឡែកកំពង់ផែកោះទន្សាយបានអភិវឌ្ឍរួចរាល់ជាស្ថាពរ បច្ចុប្បន្នខេត្តក៏កំពុងអភិវឌ្ឍកំពង់ផែជាប់កោះទន្សាយដែលសម្រេចបាន៥០% ហើយដែរ។ 
    ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានធ្វើរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រជុំនេះថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងគណៈកម្មាធិការប្រតិបត្តិលើកទី៥ អាណត្តិទី២នេះ បានធ្វើការអនុម័តនូវបេក្ខភាពស្នើបំពេញបន្ថែម ក្នុងអង្គអភិបាលកិច្ច និងបោះឆ្នោតអនុម័ត បេក្ខភាព ឯកឧត្តម  ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ជំនួសឯកឧត្តម ម៉ៅ ភារិន ដែលទទួលភារកិច្ចថ្មី ជាមួយគ្នានេះ អង្គប្រជុំ បានធ្វើការពិនិត្យ វាយតម្លៃ ពិភាក្សា និងធ្វើបទបង្ហាញ និងអនុម័តផែនការវឌ្ឍនភាពឆ្នាំ២០២៣ របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៣ បង្ហាញអំពីគម្រោងគ្រប់គ្រងគ្រោះមហន្តរាយ , ស្នើសុំការអនុម័តការពន្យា ផែនការយុទ្ធសាស្ត្រ២០១៩-២០២៣ រយៈពេល១ឆ្នាំ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤។

     ឯកឧត្តមបន្ថែមថា សម្រាប់ការងារអាទិភាពសម្រាប់ឆ្នាំ២០២៤ រួមមានៈ ការៀបចំមហាសន្និបាតអាណត្តិទី៣ សម្រាប់ឆ្នាំ២០២៤-២០២៩ ការបណ្តុះបណ្តាសមាជិក ក្រុមប្រឹក្សារាជធានីខេត្ត ទើបជាប់ឆ្នោតថ្មី និងពង្រឹងអង្គអភិបាលកិច្ចសមាគមជាដើម។
ថ្លែងបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិនាឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលស្គាល់ និងចាត់ទុក សមាគមនានា នៃក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័នសំខាន់មួយ ដែលដើរតួនាទីជា ដៃគូរមិនអាចខ្វះបាន ក្នុងដំណើរការ នៃការអនុវត្តកំណែរទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា។
     ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ មិនត្រឹមតែជាតំណាង អោយសំលេង និងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាតួអង្គស្នូល នៃប្រជាធិបតេយ្យ និងអភិបាលកិច្ចមូលដ្ឋាន ក្នុងការធានាសិទ្ធ សេរីភាព ការទទួលបានព័ត៌មាន ការទទួលបានសេវាសាធារណៈ របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ និងសមធម៌។
    ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បាន ស្នើដល់ សមាគមជាតិក្រុមប្រឹក្សរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ បន្តធ្វើជាដៃគូដ៏សំខាន់ និងយ៉ាងមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែក ទាំងការរៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសក្នុងដំណាក់កាលទី២ ពីឆ្នាំ ២០២១ដល់២០៣០ ដែលបាននឹង កំពុងដាក់ចេញ រៀបចំការផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការ។(សឹង រ៉ាត់)