2024-02-01 02:02
60

កំពង់ចាម៖ បែកធ្លាយរឿងអាស្រូវមិនប្រក្រតីពាក់ព័ន្ធក្រុមមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម ក្នុងការប្រមូលលុយបង់ពន្ធអាក និងអនាម័យពីក្រុមអាជីវកររកស៊ីពិឃាតសត្វជ្រូក គោ និងក្របីមានតម្លៃលើសឆ្នាំមុនៗច្រើន ទើបស្នើសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្ត ដើម្បីជួយសម្រួល និងរកដំណោះស្រាយលើបញ្ហានេះ។

យោងតាមលិខិតរបស់ក្រុមអាជីវកររកស៊ីពិឃាតសត្វ ដាក់ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធលើកឡើងថា «ពួកគាត់ជាអាជីវករសត្តឃាតដ្ឋាន ជ្រូក គោ និងក្របី ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដាក់ជូនលោកអភិបាលខេត្តកំពង់ចាម សំណើរសុំលោកជួយអន្តរាគមន៍ និងពិនិត្យមើលនូវតម្លៃការបង់ពន្ធអាកអនាម័យសត្វដែលពេទ្យសត្វបានប្រមូលយកតម្លៃនៅឆ្នាំនេះលើសច្រើនខុសពីឆ្នាំមុនៗ»។  លិខិតរបស់ក្រុមអាជីវករសត្តឃាតបានបន្ថែមទៀតថា «នៅឆ្នាំមុនៗពួកគាត់ទាំងអស់គ្នាបានបង់តម្លៃពន្ធអាក អនាម័័យសត្វថេរដែលអាចទទួលយកបាន ប៉ុន្តែឆ្នាំនេះការប្រមូលពន្ធអាក អនាម័យសត្វលើសច្រើនខុសពីឆ្នាំមុនៗ ដូច្នេះសូមលោកអភិបាលខេត្តមេត្តាពិនិត្យ និងសម្រួលដោយក្តីអនុគ្រោះ»។

ក្រុមអាជីវករ បានលើកឡើងថា ស្ថិតក្នុងបរិបទសេដ្ឋកិច្ចកំពុងលំបាកពលរដ្ឋរកចំណូលមិនបាន ការលក់សាច់ជ្រូក គោ ក្របី មិនសូវដាច់ បែរជាពេទ្យសត្វខេត្តរឹតបន្តឹងដំឡើងថ្លៃទៅលើពន្ធអាក អនាម័យសត្វ លើសពីសមត្ថភាព បើមិនបង់ឲ្យប្រឈមនឹងបាត់បង់នូវមុខរបរសម្រាប់ចិញ្ចឹមគ្រួសារ។

ក្នុងឯកសារទទួលបានប្រាក់ប្រមូលពន្ធលើសេវាត្រួតពិនិត្យ និងអនាម័យសត្វ និងផលិតផលសត្វដែលមន្ត្រីពេទ្យសត្វស្រុកស្រីសន្ឋរប្រមូលដើមឆ្នាំ២០២៤ សម្រាប់ការពិឃាតសត្វឆ្នាំ២០២៤ ដែលស្រុកស្រីសន្ឋរតូចជាងស្រុកដទៃដែលមានអ្នកពិឃាតសត្វតិច ប្រាក់ប្រមូលបាន សរុប ៦៤.៤២០.០០០រៀល ចុះទំរាំប្រាក់ពន្ឋអាក ចំនួន ០៩ ស្រុកផ្សេងៗទៀត មានវិសាលភាពធំជាងមានអ្នកពិឃាតសត្វច្រើនជាងស្រុកស្រីសន្ធរ ពិតជាប្រមូលប្រាក់ចំណូលបានរាប់រយលានរៀលមិនខាន។
 
ពាក់ព័ន្ធនឹងបញ្ហាខាងនេះ នៅរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មិនទំនាក់ទំនងសុំការបកស្រាយពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បាននៅឡើយទេ ហើយអង្គភាពយើងរងចាំការបកស្រាយគ្រប់ពេលវេលារាល់ម៉ោងធ្វើការ៕