2024-01-13 11:01
67

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ  នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសអនុវត្តវិន័យ ដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ 

តាមប្រកាសរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ត្រូវបានអនុវត្តវិន័យចំពោះលោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ អត្តលេខ ៧៥២១៨ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ»។ 

សូមជម្រាបថា រាជរដ្ឋាភិបាល ក្នុងអាណ្តិទី៧ នៃរដ្ឋសភា ថ្នាក់ដឹកនាំបន្តវេនបានប្រកាស និងគោលនយោបាយ ព្រមទាំងវិធានច្បាស់ក្នុងការធ្វើកំណែទម្រង់លើគ្រប់វិស័យ ជាពិសេស ការវះកាត់សាច់ស្អុយចោលដោយមិនលើកលេងបន្តទៀតនោះទេ។ ក្នុងមួយរយៈនេះ នាយនគរបាលជាន់ខ្ពស់ចាប់ពីថ្នាក់ឧត្តមសេនីយ៍ វសេនីយ៍ អនុសេនីយ៍ នាយករង និងមន្ត្រីនគរបាលជាតិជាតិច្រើនរូបត្រូវបានអនុវត្តវិន័យដោយដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ ស្របតាមអភិក្រមទី៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ «វះកាត់» និងអភិក្រមទី៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ «លះបង់» តែម្តង។ 

តាមរយៈការអនុវត្តវិន័យតឹងរឹងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើមន្ត្រីនគរបាលខិលខូច និងល្មើសវិន័យកងកម្លាំងនគរបាលជាតិ បានធ្វើឲ្យមហាជនមានការគាំយ៉ាងខ្លាំងផងដែរ៕